(ភ្នំពេញ)៖ ការអភិវឌ្ឍចម្ការឈើដាំ មានគុណតម្លៃ ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមឈើសម្រាប់ឧស្សាហកម្មកែច្នៃឈើ ខណៈការសាងសង់សំណង់នៅកម្ពុជា បាននិងកំពុងរីកចម្រើន និងកើនឡើងខ្ពស់ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលគម្រោងសាងសង់អគារថ្មីៗជាច្រើន កើតឡើងស្គុះស្គាយ។ នេះគឺជាការថ្លែងឲ្យដឹងរបស់លោក លូ ឈូឆាង នាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ីង បាយអូថេក និងជាប្រធានសមាគមឧស្សាហកម្មកែច្នៃឈើ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៩នេះ។
លោកបានថ្លែងថា «ក្រោយពីមានការប្រាស់ប្តូរថ្នាក់ដឹកនាំ ក្រុមហ៊ុនស៊ីងបាយអូថេក បានរៀបចំផែនការវិនិយោគរបស់ខ្លួន ដោយបានកំណត់ផែនការដាំកូនឈើ ជាង៣០លានដើម ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ នៅលើផ្ទៃដី៣,៤០០៧ ហិកតារបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង ដែលទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ»។
លោក លូ ឈូឆាង បានសង្កត់ធ្ងន់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩មក ក្រុមហ៊ុន ស៊ីងបាយអូថេក បានចាប់ផ្តើមឈូសឆាយលើផ្ទៃដី ទំហំ៥,០០០ហិកតា ហើយគ្រោងនឹងចាប់ផ្តើមដាំដុះកូនឈើ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ លើផ្ទៃដី ដែលបានឈូសឆាយទាំងអស់ ដោយគ្រោងដាំឈើប្រមាណជិត ៧លានដើម។ នៅឆ្នាំ២០២១ និង២០២២ ក្រុមហ៊ុនគ្រោងធ្វើការ ឈូសឆាយលើផ្ទៃដី ១០,០០០ ហិកតាក្នុងមួយឆ្នាំ និងដាំកូនឈើសរុបចំនួន ជាង២៥,លានដើម។
លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីង បាយអូថេក បានថ្លែងថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ទិញកូនឈើពីក្រុមហ៊ុន Angkor Plywood ចំនួន១០លានដើមក្នុងមួយឆ្នាំ ដើម្បីធ្វើការដាំដុះតាម ផែនការអាជីវកម្មរបស់ខ្លួន ព្រោះក្រុមហ៊ុន Angkor Plywood មានវិទ្យាស្ថានបង្កាត់ពូជកូនឈើ តាមបច្ចេកទេស។
លោក លូ ឈូឆាង បានថ្លែងថា «ចម្ការឈើដែលដាំនេះនឹងទទួល បានផលក្នុងរយៈពេល៥ឆ្នាំក្រោយ ការដាំដុះហើយផលឈើដែលទទួលបាន នឹងត្រូវប្រើប្រាស់ ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ បម្រើឲ្យការផលិតកែច្នៃឈើក្នុងប្រទេសដែលកំពុងតែមានតម្រូវការខ្ពស់។ បច្ចុប្បន្នដោយសារតែការផលិតក្នុងស្រុក មិនទាន់គ្រប់គ្រាន់ កម្ពុជាក៏បាននាំចូលឈើកែច្នៃពីបរទេសផងដែរ»។
លោកនាយកប្រតិបត្តិក្រុមហ៊ុន ស៊ីងបាយអូថេក បានថ្លែងថា នៅក្នុងការសិក្សាពីជីវជាតិ នៃផ្ទៃដីរបស់ដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ការដាំកូនឈើប្រេងខ្យល់ នៅក្នុងមួយម៉ឺនហិកតា នឹងផ្តល់ផលឈើចន្លោះពី១,៥លាន ទៅ១,៨លានម៉ែត្រគូប។ លោកបានបង្ហាញពីមហិច្ឆតាពង្រីកចម្ការឈើដាំនេះបន្តទៀត ដោយកំពុងស្វែងរកទីតាំងដីទំនេរ ឬសហការជាមួយវិស័យឯកជន ឬសហគមន៍ដើម្បី ធ្វើចម្ការឈើដាំ ដោយលោកថ្លែងថា ជាមួយនឹងតម្រូវការបច្ចុប្បន្ននេះ កម្ពុជាត្រូវមានចម្ការឈើដាំយ៉ាង ហោចណាស់១០ម៉ឺនហិកតា ដែលអាចផ្តល់ផល និងអាចកាប់វិលជុំក្នុង២ម៉ឺនហិកតា ក្នុងមួយឆ្នាំដើម្បីផ្គត់ផ្គង់ទីផ្សារ។
លោក លូ ឈូឆាង បានអះអាងថា ចម្ការឈើដាំផ្តល់ផលប្រយោជន៍ បង្កើតការងារជូនប្រជាពលរដ្ឋច្រើនណាស់ ប្រមាណ១០ម៉ឺននាក់ ក្នុងដំណើរការដាំដុះ និងប្រមូលផលព្រមទាំងការកែច្នៃ។ ដូចនៅប្រទេសវៀតណាម ដែលពួកគាត់ដាំចម្ការឈើដាំ បាននាំចេញទៅកាន់អឺរ៉ុប ក្នុងមួយឆ្នាំ ទទួលបានចំណូលរាប់ពាន់លានដុល្លារ និងបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ស៊ីងបាយអូថេក បានថ្លែងថា នៅក្នុងរយៈពេល១ឆ្នាំនេះ ពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក បានកសាងផ្លូវប្រមាណ១០០គីឡូម៉ែត្រ ភ្ជាប់មកទីផ្សារ ដើម្បីកាត់បន្ថយចម្ងាយផ្លូវនៃការដឹកជញ្ជូន និងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ក្នុងការដឹកជញ្ជូនសិផលរបស់ខ្លួន ក្នុងការលក់ក្នុងស្រុកក្តី ក្រៅស្រុកក្តី។
ដោយឡែកនៅក្នុងគម្រោងរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ក្រុមហ៊ុនបានស្ថាបនាផ្លូវប្រវែង២០០គីឡូម៉ែត្ររួចរាល់ និងគ្រោងសាងសង់ផ្លូវថ្នល់ជាច្រើន រយគីឡូម៉ែត្រទៀត។ លោក លូ ឈូឆាង ថ្លែងថា «មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង ក្នុងគម្រោងវិនិយោគដែលជួយកាត់បន្ថយពេលវេលា និងការចំណាយ លើការធ្វើដំណើរ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការ ជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លើផ្ទៃដីសរុបទំហំ ៣៤,០០៧ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោក លូ ឈូឆាង បានថ្លែងថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនស៊ីងបាយអូថេក បានបញ្ចប់ការដាំកូនឈើបានចំនួន ៩៣៧ហិកតា ដែលមានកូនឈើចំនួន ១,១លានដើម ដែលជាប្រភេទដើមប្រេងខ្យល់ដែលរំពឹងថា នឹងអាចទទួលផលនៅក្នុងរយៈពេល៥ឆ្នាំទៀត។ លោកបានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់ នៅក្នុងតំបន់នោះ ដែលមានដីទំនេរដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើ។
ទាក់ទងនឹងការវិនិយោគចម្ការឈើដាំនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រ និងបានថ្លែងថា ការការវិនិយោគលើចម្ការឈើដាំពិត ជាពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយការបង្កើតឲ្យមាន ឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹង ការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឲ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ីបន្ទាប់ពីប្រទេសប៊ូតាន។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រក សត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព (Sustainable Financing)៕