(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញរូបភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងសាងសង់បាន៧ភាគរយ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានក៏បានថ្លែងអំណរគុណ វិនិយោគគិន និងពាណិជ្ជករក្នុង និងក្រៅប្រទេស ដែលចូលរួមជំរុញវិស័យឯកជនកម្ពុជាឱ្យមានសន្ទុះកាន់តែរីកចម្រើនលឿនទៅមុខ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
សម្តេចបានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ផ្លូវថ្នល់ និងស្ពានតូចធំនៅក្នុងប្រទេសត្រូវបានកសាង និងកែលម្អឱ្យមានគុណភាព ដើម្បីបម្រើដល់ការដឹកជញ្ជូនជាមួយមធ្យោបាយគ្រប់កម្រិតទាំងធន់ស្រាល មធ្យម និងកម្រិតធន់ធ្ងន់ ដើម្បីជំរុញឱ្យសេវាកម្មការដឹកជញ្ជូនកាន់តែមាន ប្រសិទ្ធភាពខ្ពស់ និងចំណេញពេលវេលាដល់ពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលកម្ពុជា បាននិងកំពុងផលិតនូវផលិតផលកសិកម្ម និងផលិតផលកម្មន្តសាល និងផលិតផលប្រើប្រាស់ជាច្រើនទៀត ចេញពីកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ»។
សម្តេចបានបន្តថា៖ «អរគុណដល់ការចូលរួមរបស់វិនិយោគគិន និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមជំរុញវិស័យឯកជនឱ្យមានសន្ទុះកាន់តែរីកចម្រើនលឿនទៅមុខ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។
* ឃឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
គម្រោងខាងលើត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣៕