(ភ្នំពេញ)៖​​​ ​​​​​មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យមួយដែលបានព្យាបាលកុមារកម្ពុជាមកពីគ្រប់ទិសទី និងគ្រប់ឋានៈព័ណសម្បុរដោយឥតគិតថ្លៃ ចាប់តាំងពីឆ្នាំ១៩៩៩មក។ ជាមធ្យមក្នុងមួយថ្ងៃមន្ទីរពេទ្យនេះបានទទួលព្យាបាលកុមារកម្ពុជាប្រមាណ៤០០នាក់ ប្រកបដោយគុណធម៌ និងគុណភាពខ្ពស់។

ដោយមើលឃើញពីតម្រូវការ និងភាពចាំបាច់របស់មន្ទីរពេទ្យកុមារអង្គរ ដែលតែងតែជួយដល់កុមារកម្ពុជាទើបលោក នឹម ឈុន្នី ដែលជាគ្រូបង្ហាត់សមាធិ និងជាស្ថាបនិកក្រុមហ៊ុនVIPASSA បានសម្រេចចិត្តបង្កើតព្រឹត្តិការណ៍ «រត់ដើម្បីជីវិតកុមារកម្ពុជា»។ ព្រឹត្តិការណ៍ «រត់ដើម្បីជីវិតកុមារកម្ពុជា» នេះ ត្រូវបានលោក នឹម ឈុន្នី ថ្លែងឲ្យដឹងថា លោកនឹងរត់នៅកាន់ខេត្តសៀមរាប ដែលមានចំងាយ៣១៤គីឡូម៉ែត្រ ក្នុងរយៈពេល១០ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ខែធ្នូ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីស្វែងរកប្រាក់ជំនួយចំនួន១០ម៉ឺនដុល្លារ ជួយដល់មន្ទីពេទ្យកុមារអង្គរ។

បានជាលោក នឹម ឈុន្នី សម្រេចជ្រើសរើសព្រឹត្តិការណ៍«រត់ដើម្បីជីវិតកុមារអង្គរ»នេះ ក៏ព្រោះតែលោកធ្លាប់មានក្មួយស្រីតូច ដែលមិនអាចដើរបានតាំងពីកំណើតនិងបានយកទៅព្យាបាលជាច្រើនកន្លែងតែមិនទទួលបានលទ្ធផលនោះឡើយ ទើបចុងក្រោយក្រុមគ្រួសាររបស់លោក បានសម្រេចនាំក្មួយស្រីរូបនោះទៅព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើឲ្យក្រុមគ្រួសាររបស់លោក នឹម ឈុន្នី អាចមើលឃើញជំហ៊ានដំបូងបង្អស់របស់ក្មួយស្រីលោក អាចឈានដើរបាន។

លោក នឹម ឈុន្នី បញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពី៧ឆ្នាំមុនក្មួយស្រីរបស់ខ្ញុំមានបញ្ហា គាត់កើតបានអាយុ២ឆ្នាំហើយទើបយើងដឹងថាគាត់មិនអាចដើរបាន ជើងរបស់គាត់ទន់ ហើយប្អូនស្រីរបស់ខ្ញុំដែលជាម្ដាយបានយកទៅព្យាបាលពីកន្លែងមួយទៅកន្លែងមួយ ហើយមើលឃើញថាអត់មានការប្រសើរឡើង។ ហើយទីបំផុតយើងក៏បានស្គាល់អំពីមន្ទីរពេទ្យកុមារអង្គរសៀមរាប ហើយខ្ញុំផ្ទាល់បានជូនប្អូនស្រី និងក្មួយស្រីទៅមន្ទីរពេទ្យកុមារអង្គរផ្ទាល់។ នៅពេលដែលទៅដល់គឺមានការយកចិត្តទុកដាក់ខ្លាំង គ្រប់សំណាក់គ្រូពេទ្យនៅទីនោះ ហើយបន្ទាប់ក្រោយមកក្មួយស្រីរបស់ខ្ញុំ ឃើញថាមានការប្រសើរឡើង។ ហើយគាត់អាចដើរបានប្រសើរជាងមុនច្រើនមែនទែន។

ហើយខ្ញុំបានឃើញស្នាមញញឹមលើទឹកមុខក្មួយស្រីរបស់ខ្ញុំក៏ដូចក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសប្អូនស្រីរបស់ខ្ញុំគឺគាត់មានភាពរីករាយខ្លាំងមែនទែន នៅពេលដែលឃើញស្ថានការហ្នឹងប្រសើរឡើង។ នេះជាមូលហេតុដែលខ្ញុំរត់ ហើយមួយវិញទៀតនោះគឺខ្ញុំចង់ឃើញស្នាមញញឹមជាមួយក្មេងដទៃទៀតនៅក្នុងព្រះរាជណាចក្រកម្ពុជា ក៏ដូចឪពុកម្ដាយរបស់ក្មេងៗដែលមិនចង់ឃើញភាពលំបាក មិនចង់ឃើញការឈឺចាប់ជាមួយកូនរបស់ខ្លួន ខ្ញុំចង់ឃើញស្នាមញញឹមរបស់ឪពុកម្ដាយ ខ្ញុំចង់ឃើញស្នាមញញឹមរបស់ក្មេងៗទាំងអស់គ្នា។ ទាងអស់នេះគឺជាមូលហេតុធំដែលខ្ញុំចង់រត់ពីភ្នំពេញទៅសៀមរាប ដើម្បីរៃអង្គាសប្រាក់ជូយដល់មន្ទីរពេទ្យកុមារអង្គរ»

ការរត់លើចម្ងាយផ្លូវជាង៣០០គីឡូម៉ែត្រ គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវការពេលវេលាជាច្រើនមុនពេលចេញដំណើរ ដើម្បីហាត់សមឱ្យរាងកាយស៊ាំជាមួយនឹងស្ថានភាពលំបាក ហាលថ្ងៃ ហាលភ្លៀងជាមុនសិន។ ជាក់ស្ដែងលោក នឹម ឈុន្នី តែងតែហាត់ខ្លួនរបស់លោកដោយការត់ជារៀងរាល់ថ្ងៃ ដោយមួយថ្ងៃលោករត់ពី១ម៉ោង ទៅ២ម៉ោង។ ទោះបីជាមានការលំបាកខ្លាំង តែប្រសិនជាយើងមានការតាំងចិត្ត យើងនឹងធ្វើឱ្យបាននេះបើតាមការបន្ថែមពីលោក នឹម ឈុន្នី។

សម្រាប់គ្រូបង្ហាត់សមាធិខាងលើចំពោះការ «រត់ដើម្បីជីវិតកុមារអង្គរ» នេះ រំពឹងនឹងមានប្រជាពលរដ្ឋចូលរួមលើកទឹកចិត្តលោកបានច្រើនដោយអាចរត់កំដរនៅក្នុងរយៈចម្ងាយខ្លីអមជាមួយ ឬដោយការចូលរួមរំលែកជាថវិការបន្តិចបន្តួចដើម្បីបានប្រាក់ទាំងអស់នោះចូលរួមជួយដល់កុមារ ដែលព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរទាំងអស់គ្នា។

លោក នឹម ឈុន្នី បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឲ្យប្រជាពលរដ្ឋចូលរួមចំណែកបើសិនមិនបានចូលរួមរត់ជាមួយ នៅថ្ងៃទី១ ថ្ងៃទី២ ឬមិនបានចាំទទួលនៅសៀមរាបក្ដី សូមឲ្យពួកគាត់ជួយចូលរួមចំណែកជាថវិការទោះបីតិចតួចក៏ដោយ ១ដុល្លារក្ដី ២ដុល្លារក្ដី ១ម៉ឹនក្ដី ២ម៉ឺនក្ដី។ ជាផ្នែកដ៏សំខាន់ក្នុងការជួយសង្រ្គោះកុមារដែលកំពុងត្រូវការជួយ។ ហើយម្យ៉ាងទៀតចំពោះការផ្ដល់ក្ដីស្រលាញ់ដល់កុមារមិនថាតែកូនរបស់យើង មិត្តភ័ក្ត បងប្អូនរបស់យើង ពីព្រោះការផ្ដល់ក្ដីស្រលាញ់ការផ្ដល់ក្ដីសណ្ដូសដល់កុមារគឺជាគុណធម៌ដ៏ល្អសម្រាប់មនុស្សទូទៅក្នុងការធ្វើ។ អីចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ចីលរួមចំណែកទាំងអស់គ្នាទោះបីជាកម្លាំងចិត្តក្ដីកម្លាំងថវិការក្ដី គឺជាការដឹងគុណបំផុតពីខ្ញុំ និងក្រុមគ្រួសារទាំងអស់គ្នា»

ដើម្បីទំនាក់ទំនងចូលរួមបរិច្ចាគថវិការ ក្នុងព្រឹត្តិការណ៍«រត់ដើម្បីជីវិតកុមារអង្គរនេះ» សាធារណជនអាចផ្ញើប្រាក់ដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈគណនីធនាគារ ABA Bank (000853843) ឬតាមរយៈគណនីរបស់ Wing លេខ ៩១២២សម្រាប់ប្រាក់រៀល និងលេខ ៨១២២សម្រាប់ប្រាក់ដុល្លារ។ ជម្រើសម្យ៉ាងទៀតដើម្បីបរិច្ចាគ លោកអ្នកក៏អាចចូលទៅគេហទំព័ររបស់មន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់ក៏បានតាមរយៈការតភ្ជាប់ទៅ៖ https://www.simplygiving.com/running-for-children-lives-cambodia-2019

មន្ទីរពេទ្យកុមារអង្គរត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុនមួយរូបដែលមានឈ្មោះថា ខិនរ៉ូ អ៊ីស្ស៊ុ។ ហើយលោកក៏ស្នើរដល់ពលរដ្ឋទាំងអស់ចូលរួមបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរនេះផងដែរ។

ហើយខាងក្រោមនេះគឺជាមូលហេតុដែលលោកបានបង្កើតមន្ទីរពេទ្យកុមារអង្គរ និងភាពចំបាច់ក្នុងការចូលរួមបរិច្ចាគថវិការពីសំណាក់ប្រជាពលរដ្ឋយ៉ាងដូច្នេះ។
លោក ខិនរ៉ូ អ៊ីស្ស៊ុ ថ្លែងយ៉ាងដូច្នេះ៖ «ជម្រាបសួរ ខ្ញុំបាទឈ្មោះ ខិនរ៉ូ អ៊ីស្ស៊ុ ជាស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ។ ក្នុងនាមតំណាងឲ្យមន្ទីរពេទ្យកុមារអង្គរ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកទាំងអស់គ្នាដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ “ រត់ដើម្បីជីវិតកុមារកម្ពុជា ២០១៩”។ មូលហេតុដែលខ្ញុំបាទកសាងមន្ទីរពេទ្យកុមារអង្គរនេះឡើង គឺដោយសារតែខ្ញុំបានជួបនឹងព្រឹត្តិការណ៍របស់ក្មេងស្រីម្នាក់ ស្លាប់នៅចំពោះមុខរបស់ខ្ញុំផ្ទាល់ ក្នុងមូលហេតុឪពុកម្តាយរបស់នាងមិនមានលទ្ធភាពបង់ប្រាក់ប្រមាណជា ២ដុល្លារអាមេរិក ទៅឲ្យមន្ទីរពេទ្យ។ មន្ទីរពេទ្យកុមារអង្គរបង្កើតឡើង សម្រាប់ផ្តល់ការថែទាំសុខភាពដល់កុមារគ្រប់រូប ទោះជាមានពួកគេមកពីគ្រួសារដែលមាន ឬមិនមានក៏ដោយ និងបុគ្គលិកធ្វើការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ ប្រៀបដូចជាកូនរបស់ខ្លួនឯងផ្ទាល់។ វាមានសារៈសំខាន់ជាទីបំផុត ដើម្បីឲ្យមន្ទីរពេទ្យនេះ អាចបន្តរដំណើរការទៅមុខទៀត ដូច្នេះការឧបត្ថម្ភគាំទ្ររបស់លោកអ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ខ្ញុំបាទសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្តងទៀត ចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកអ្នក។ សូមអរគុណ!»