(ប៉ៃលិន)៖ អតីតមន្ដ្រីយោធាម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្បែរវត្តបេង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយត្រូវបានបង្ហោះចែកចាយក្នុងបណ្ដាញសង្គម Facebook ថាមិនមានសាច់ញាតិ។
មន្ដ្រីយោធានៃយោធភូមិភាគទី៥ បានឲ្យដឹងថា មន្ដ្រីយោធាដែលត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្បែរវត្តហើយត្រូវបានគេ បង្ហោះចែកចាយក្នុងបណ្ដាញសង្គមថា គ្មានសាច់ញាតិនេះ គឺគាត់មិនមែនអត់សាច់ញាតិទេ។ គាត់ទើបត្រូវរំសាយ (កាត់ចេញពីក្របខ័ណ្ឌ) ប្រមាណ៣ខែកន្លងទៅនេះ។ មន្ដ្រីយោធានេះ ឈ្មោះ យ៉ត កយ អតីតបម្រើការងារនៅ វរសេនាតូច៥២៣ ចំណុះកងពលតូចថ្មើជើងលេខ៥២ ទិសយោធភូមិភាគទី៥។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មន្ដ្រីយោធាមានទីលំនៅក្នុងខេត្តបាត់ដំបង ប៉ុន្ដែប៉ុន្មានថ្ងៃនេះគាត់បានមកស្នាក់នៅផ្ទះរបស់កូន ក្នុងខេត្តប៉ៃលិន ដើម្បីព្យាបាលជំងឺប្រចាំការ។ រហូតមកដល់ព្រឹកមិញនេះ កូនប្រុសរបស់គាត់ បានដឹកគាត់តាមម៉ូតូដើម្បីទៅពិនិត្យជំងឺនៅមន្ទីរពេទ្យ លុះពេលទៅដល់ក្បែរវត្តបេង ស្រាប់តែម៉ូតូអស់សាំង។ ភ្លាមនោះ កូនរបស់គាត់បានដាក់មន្ដ្រីយោធាខាងលើ ឲ្យអង្គុយចាំនៅក្បែរវត្ត ដើម្បីខ្លួនបណ្ដើរម៉ូតូទៅរកកន្លែងលក់។
បើតាមប្រភពព័ត៌មានខាងលើ បានអះអាងទៀតថា នៅពេលកូនរបស់គាត់បណ្ដើរម៉ូតូចេញទៅបាត់ ស្រាប់តែគាត់ប្រកាច់ស្លាប់ភ្លាមៗ នៅក្បែរវត្តតែម្ដង រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហើយបានថតបង្ហោះតែចែកចាយក្នុងបណ្ដាញសង្គមថា មានមន្ដ្រីយោធាម្នាក់ដេកស្លាប់នៅក្បែរវត្តគ្មានសាច់ញាតិ រួចយកសពមកដាក់ក្នុងវត្តបេង។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ កម្លាំងវរសេនាតូច៥២៣ (អតីតអង្គភាពមន្ដ្រីយោធាខាងលើបម្រើការ) កំពុងតែរៀបចំធ្វើបុណ្យជូនសពមន្ដ្រីយោធា យ៉ត កយ ទៅតាមប្រពៃណីនៅក្នុងវត្តបេង៕