(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីបើកបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា។ ពិធីបើកពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
ពិព័រណ៍នេះមានស្ដង់សរុបចំនួន៣៧២ស្ដង់ ហើយទំនិញ និងសេវាជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិកម្មកសិ-ពាណិជ្ជកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រអង្ករ ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍សម្ភារៈការិយាល័យ ក្រណាត់ និងសម្លៀកបំពាក់សម្ភារៈប្រើប្រាស់ទូទៅផលិតផលសម្រាប់តុបតែងក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃផលិតផលឱសថបរិក្ខារពេទ្យ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃនិងភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិកគ្រឿងបន្លាស់ គ្រឿងសង្ហារិមផលិតផលពាក់ព័ន្ធវិស័យទូរគមនាគមន៍ និងព័ត៌មានវិទ្យា គ្រឿងម៉ាស៊ីន សម្ភារៈសំណង់ ផលិតផលបម្រើឲ្យសេវាសណ្ឋាគារទេសចរណ៍ សេវាអប់រំសេវាធនាគារ និងគម្រោងវិនិយោគ ជាដើម។ល។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះគឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំរបស់កម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសទីផ្សារ បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគដ៏ល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ អ្នកប្រើប្រាស់នឹងបានស្គាល់ និងគាំទ្រទំនិញក្នុងស្រុក ក៏ដូចជាទំនិញនាំចូលដែលមានគុណភាព។ ជាមួយនឹងការដាក់តាំងបង្ហាញទំនិញនាំចេញ-នាំចូល និងទំនិញសក្ដានុពលដ៏សម្បូរបែបមកពីបណ្ដាខេត្តទូទាំងប្រទេស ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏មានរៀបចំនូវព្រឹត្តិការណ៍អមមួយចំនួនផងដែរ ដូចជា ជំនួបពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ សិក្ខាសាលា និងពិធីចុះហត្ថលេខាលើគម្រោងធុរកិច្ច និងវិនិយោគនានាដើម្បីទាក់ទាញអ្នកទស្សនាពិព័រណ៍ និងផ្តល់កាលានុវត្តភាពសម្រាប់ធុរជន និងអ្នកវិនិយោគ អាចភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនៅកម្ពុជា៕