(ភ្នំពេញ)៖ បច្ចុប្បន្នសន្ទុះវិស័យអចលនវត្ថុនៅប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដែលប្រជាជនភាគច្រើនបានធ្វើសកម្មភាពលក់ទិញ និងការជួលជាដើម ។ ទន្ទឹមនឹងនេះ អចលនវត្ថុ (ដីធ្លី ផ្ទះសម្បែង និងអគារ)ជាច្រើន ត្រូវបានដាក់ជួលសម្រាប់ស្នាក់នៅ ប្រកបអាជីវកម្ម ឬធ្វើជាការិយាល័យរបស់ក្រុមហ៊ុនជាដើម ។ កិច្ចសន្យាជួលនេះ ជាពាក្យសាមញ្ញរបស់ប្រជាជនប្រើប្រាស់ជាប្រចាំ ប៉ុន្តែប្រជាជនមួយចំនួនប្រហែលមិនដែលស្គាល់ ឬបានលឺពាក្យថា “ភតិសន្យា” ឡើយ ។
សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh New សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «កិច្ចសន្យាជួល» មកធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋដូចតទៅ៖
កិច្ចសន្យាជួល សំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ឲ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃ ដែលពាក្យច្បាប់ហៅថា “ភតិសន្យា” ។ ក្នុងន័យនេះ វត្ថុ គឺជាចលនវត្ថុ និងអចលនវត្ថុ ដែលជាកម្មវត្ថុនៃកិច្ចសន្យាជួល ។ កិច្ចសន្យាជួលនេះអាចបង្កើតឡើងដោយកំណត់ ឬមិនកំណត់អំឡុងពេលបាន ។ កិច្ចសន្យាជួលដោយកំណត់អំឡុងពេល ត្រូវបញ្ចប់ដោយការផុតអំឡុងពេលដែលបានកំណត់នោះ ប៉ុន្តែចំពោះកិច្ចសន្យាជួលអចលនវត្ថុដោយកំណត់អំឡុងពេលនេះ នឹងក្លាយជាកិច្ចសន្យាជួលដែលពុំមានកំណត់អំឡុងពេល ប្រសិនបើភាគីម្ខាងពុំបានបង្ហាញឆន្ទៈបដិសេធការបន្តជាថ្មី នៅមុនរយៈពេល០៣ (បី)ខែ មុនផុតកំណត់អំឡុងពេល ចំពោះផ្ទះឬអគារ នៅមុនរយៈពេល០១ (មួយ)ឆ្នាំ មុនផុតកំណត់អំឡុងពេលចំពោះដីធ្លី ។
កិច្ចសន្យាជួលដោយមិនកំណត់អំឡុងពេលនេះ អាចស្នើសុំឲ្យរំលាយកិច្ចសន្យា នៅពេលណាក៏បានដែរ ។ ប៉ុន្តែក្នុងករណីដែលការស្នើសុំឲ្យរំលាយ មិនបានបញ្ជាក់អំពីពេលរលាយ និងក្នុងករណីដែលអំឡុងពេលចាប់ពីពេលស្នើសុំឲ្យរំលាយ រហូតដល់ពេលវេលាដែលបានបញ្ជាក់នៅក្នុងការស្នើសុំឲ្យរំលាយនោះ តិចជាងអំឡុងពេលដូចបានកំណត់ក្នុងច្បាប់ កិច្ចសន្យាជួលត្រូវរលាយ នៅពេលដែលអំឡុងពេលដូចបានកំណត់ខាងក្រោមនេះ បានកន្លងហួស គិតចាប់ពីពេលស្នើសុំឲ្យរំលាយ៖
• ១ (មួយ) ថ្ងៃ ចំពោះចលនវត្ថុ
• ៣ (បី) ខែចំពោះផ្ទះ ឬអាគារ
• ១ (មួយ) ឆ្នាំចំពោះដីធ្លី ។
• ចំពោះកិច្ចសន្យាជួលដីធ្លីដែលមានរដូវប្រមូលផល ត្រូវធ្វើការស្នើសុំរំលាយកិច្ចសន្យាបាន នៅក្រោយរដូវនោះ មុនពេលចាប់ផ្តើមការធ្វើកសិកម្មសម្រាប់រដូវបន្ទាប់។
លើសពីនេះទៅទៀត ភាគីនៃកិច្ចសន្យាជួលក៏មានសិទ្ធិ និងករណីកិច្ចសំខាន់ៗមួយចំនួនផងដែរ ដែលជាទូទៅ អ្នកជួល និងម្ចាស់វត្ថុ មានសិទ្ធិ និងករណីកិច្ច ដូចខាងក្រោម៖
- អ្នកជួល (ភតិកៈ ជាពាក្យច្បាប់) មានសិទ្ធិ ប្រើប្រាស់ និងអាស្រ័យផល លើវត្ថុជួល ដោយផ្អែកទៅតាមវិធីប្រើប្រាស់ ដែលត្រូវបានកំណត់នៅក្នុងកិច្ចសន្យា ឬតាមលក្ខណៈនៃវត្ថុជួលនោះ ។
- អ្នកជួលអាចអនុវត្តសិទ្ធិទាមទារឲ្យប្រគល់វិញ សិទ្ធិទាមទារឲ្យបញ្ឈប់ការរារាំង និង សិទ្ធិទាមទារឲ្យបង្ការជាមុននូវការរារាំង ចំពោះការបំពានសិទ្ធិជួល ដូចសិទ្ធដែលកម្មសិទ្ធិករ (ម្ចាស់វត្ថុ) មាន ។
- អ្នកជួលមានសិទ្ធិធ្វើអនុប្បទានសិទ្ធិជួល ឬជួលបន្តនូវវត្ថុជួលទៅឲ្យតតិយជន (ជនទី៣) បាន បើមានការយល់ព្រមពីម្ចាស់វត្ថុ (ភតិបតី)។
- ភតិកៈត្រូវគ្រប់គ្រងវត្ថុជួល ដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត។
- អ្នកជួលត្រូវជូនដំណឹងទៅឲ្យម្ចាស់វត្ថុ ដោយគ្មានការយឺតយ៉ាវ បើមានការចាំបាច់លើការជួសជុលវត្ថុជួល ឬបើមានតតិយជនអះអាងអំពីសិទ្ធិ ចំពោះវត្ថុជួល ។
- អ្នកជួលត្រូវបង់ថ្លៃឈ្នួលជួល ទៅឲ្យម្ចាស់វត្ថុ ឬអ្នកតំណាង ទៅតាមពេលវេលាកំណត់ ដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យារបស់ភាគី។ ប៉ុន្តែ ក្នុងករណីដែលភាគីមិនបានកំណត់ជាពិសេសនៅក្នុងកិច្ចសន្យា អំពីពេលវេលាដែលត្រូវបង់ថ្លៃឈ្នួលទេ ចំពោះចលនវត្ថុ និងផ្ទះ ឬអគារ ត្រូវបង់នៅរៀងរាល់ចុងខែ ចំពោះដីធ្លីវិញ ត្រូវបង់នៅរៀងរាល់ចុងឆ្នាំ នេះបើតាមច្បាប់បានកំណត់ ។
- អ្នកជួលមានករណីកិច្ចធ្វើបដិទានវត្ថុជួលប្រគល់ទៅឲ្យម្ចាស់វត្ថុវិញ ជាបន្ទាន់ និងមានសិទ្ធិរុះរើចេញនូវវត្ថុដែលបានភ្ជាប់ជាមួយនឹងវត្ថុជួលនោះបាន។
- ម្ចាស់វត្ថុទទួលបានថ្លៃឈ្នួលជួលពីអ្នកជួល ទៅតាមពេលវេលាកំណត់ ដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យា ឬតាមច្បាប់កំណត់ ។
- ម្ចាស់វត្ថុត្រូវប្រគល់វត្ថុ ដែលជាកម្មវត្ថុនៃកិច្ចសន្យាទៅឲ្យអ្នកជួល ដើម្បីប្រើប្រាស់ និងអាស្រ័យផលលើវត្ថុនោះ។
- ម្ចាស់វត្ថុ មិនត្រូវធ្វើឲ្យរារាំងស្ទះក្នុងការប្រើប្រាស់ និងអាស្រ័យផល ដែលអ្នកជួលធ្វើដោយផ្អែកតាមវិធីប្រើប្រាស់ឡើយ។
- ម្ចាស់វត្ថុ ត្រូវធ្វើការជួសជុលដែលចំាបាច់ សម្រាប់ការប្រើប្រាស់ និងអាស្រ័យផលនៃវត្ថុជួលនោះ។
សរុបមក លក្ខខណ្ឌ សិទ្ធិ និងករណីកិច្ចមួយចំនួន ដែលបានជម្រាបជូនខាងលើ ពាក់ព័ន្ធនឹងប្រធានបទ «កិច្ចសន្យាជួល» ឬហៅថា ភតិសន្យានេះ ក្នុងគោលបំណងផ្តល់ជាមូលដ្ឋានក្នុងការតាក់តែងកិច្ចសន្យាជួល ក៏ដូចជាស្វែងយល់អំពីសិទ្ធិ និងករណីកិច្ចរបស់ភាគីនីមួយៗផងដែរ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនតាមផ្លូវច្បាប់ ចៀសវាងភាគីមានវិវាទនឹងគ្នា នៅក្រោយពេលចុះកិច្ចសន្យារួច។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕