(កំពង់ឆ្នាំង)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញ ជាអធិបតីបិទវគ្គហ្វឹកហ្វឺនជូនកងទ័ពកូឡុំប៊ី ស្តីពី«គ្រូបង្គោលប្រព័ន្ធប្រតិបត្តិការគ្រឿងចក្រ» ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពិធីដែលបានរៀបចំឡើងនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ដោយមានការចូលរួមពីកងទ័ពកូឡុំប៊ី៩៣នាក់ និងមន្ត្រីស៊ីម៉ាក់ជាច្រើនរូបផងដែរ។
សូមជម្រាបថា វគ្គហ្វឹកហ្វឺននេះមានរយ:ពេល៤សប្តាហ៍ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ វគ្គហ្វឹកហ្វឺននេះផ្តោតសំខាន់លើការប្រើប្រាស់ ការបញ្ជាបច្ចេកទេសប្រតិបត្តិការរបស់គ្រឿងចក្រ និងការប្រើប្រាស់ប៉ែល ដើម្បីចាប់វត្ថុវាយកំទេចសម្អាតផ្ទៃដី និងកាត់គម្ពោធព្រៃក្នុងចំការ មីនជាដើម។
វគ្គហ្វឹកហ្វឺននេះដែរ បានប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង, កងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាបរបស់អង្គភាព ស៊ីម៉ាក់ ។
សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បាន ផ្ដល់ការហ្វឹកហ្វឺនដូចគ្នានេះដល់ប្រទេសមួយចំនួនផេ្សងទៀតដែរ ហើយសម្រាប់ប្រទេសកូឡុំប៊ីនេះ ស៊ីម៉ាក់បានផ្តល់ការហ្វឹកហ្វឺន បានចំនួន៥វគ្គ ដែលមានសិក្ខាកាមសរុបចំនួន៩៣នាក់។ ទន្ទឹមនឹងនេះពិតជាមានមោទនភាពជាមួយយោធាចារ្យ (គ្រូជំនាញគ្រឿងចក្រកំទេចមីន)ដែលបាន បំពេញភារកិច្ច បានយ៉ាងល្អ៕