(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ប្រមាណជាង៣០០នាក់ មកពីទីតំាងគោលទួលគោក, ស្ទឹងមានជ័យ និងសាខាខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង បានធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សារួមគ្នា ចំនួន១យប់២ថ្ងៃ នៅតំបន់ឆ្នេរខេត្តកែប រមណីដ្ឋានទេសចរណ៍ណាត់តាយ៉ា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តទឹកឈូ ខេត្តកំពត និងតំបន់ទេសចរណ៍ ក្នុងក្រុងហាទៀន ខេត្តគៀនយ៉ាង ប្រទេសវៀតណាម នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩។
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ និងជាប្រធានក្រុមដឹកនាំដំណើរទស្សនកិច្ចសិក្សានេះ បានលើកឡើងថា បច្ចុប្បន្នសាកលវិទ្យាល័យ CUS នៅពេលនេះមាន៨ទីតាំង ក្នុងនោះ២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅតាមបណ្តាខេត្ត រួមមាន កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ សាកលវិទ្យាល័យ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា ដើម្បីបង្កភាពងាយស្រួល ដល់និស្សិតធ្វើកម្មសិក្សា ទស្សនកិច្ចសិក្សារកកន្លែងហាត់ការ និងការងារធ្វើក្នុងពេលសិក្សា។
ជាក់ស្តែងដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសំខាន់៤គឺ៖ ទី១៖ផ្តល់ឱកាសឲ្យនិស្សិតផ្សាភ្ជាប់ទស្សនកិច្ចសិក្សា ទៅនឹងទំនាក់ទំនងស្និទ្ធស្នាលរវាង និស្សិតមកពីទីតាំងផ្សេងៗ របស់សាកលវិទ្យាល័យ, ទី២៖ផ្សាភ្ជាប់រវាងទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់ ទៅទិដ្ឋភាពជាក់ស្តែង ក្នុងរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ តំបន់ឆ្នេរសមុទ្រជាដើម និងទី៣៖សិក្សាស្វែងយល់ដកបទពិសោធន៍ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋវៀតណាម នៅក្នុងស្រុកហាទៀន ខេត្តគៀនយ៉ាង ប្រទេសវៀតណាម និងទី៤៖ដើម្បីអបអរភាពជោគជ័យរបស់ខ្លួន ពិសេសការអភិវឌ្ឍគុណភាពបណ្តុះបណ្តាល បានកាន់តែល្អ និងអបអរសាទរកំណើនអត្រាចុះ ឈ្មោះចូលរៀនខ្ពស់ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា។
កញ្ញា សាក់ សុខលាង និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ ឯកទេសហិរញ្ញវត្ថុ និងធនាគារ មកពីទីតាំងគោលរាជធានីភ្នំពេញ បានចាប់អារម្មណ៍ថា រូបកញ្ញាផ្ទាល់ពិតជាមានមោទនភាពជាមួយសាកលវិទ្យាល័យណាស់ ដែលបានចូលរួមដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ដកបទពិសោធន៍ទៅលើ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ តំបន់ឆ្នេរនៅក្នុងខេត្តកំពត-ខេត្តកែប និងទិដ្ឋភាពដ៏ត្រកាលនៃភ្នំបូកគោ ធ្វើឲ្យរូបកញ្ញាយល់ច្បាស់ថា ទីនេះជាឱសថព្យាបាលជំងឺស្ដ្រេសបានយ៉ាងប្រសើរបំផុត។
លោក ឡេង សៃវង្ស និស្សិតឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១២ ផ្នែកគ្រប់គ្រង មកពីសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា រូបលោកផ្ទាល់បានទទួលនូវចំណេះដឹង បទពិសោធន៍ជាច្រើន ពីដំណើរទស្សនកិច្ចនេះ ដូចជាការស្គាល់គ្នារវាងនិស្សិតដែលមកពីសាខានីមួយៗ និងបានចូលរួមពិភាក្សាគ្នាអំពីការសិក្សាស្រាវជ្រាវ។
លើសពីនេះ បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្ដនៅតំបន់ឆ្នេរដ៏ប្រណិត ដែលជាតារារះនៅទិសនិរតី និងទស្សនានៅរមណីយដ្ឋាន ទេសចរណ៍ ប្រវត្តិសាស្រ្តទឹកឈូ និងបានទស្សនាការបង្ហាញរបស់គណៈគ្រប់គ្រង នៃរមណីយដ្ឋានទេសចរណ៍ណាត់តាយ៉ា។ ជាពិសេស គឺទទួលបាននូវ អនុសាសន៍ណែនាំដ៏មានអត្ថន័យពីគណៈកម្មការដឹកនាំក្បួន ក្នុងការជំរុញនិស្សិតឲ្យយល់ច្បាស់ពីតួនាទី ភារកិច្ចរបស់ខ្លួន ដូចជាការគោរពវិន័យ ក្នុងការសិក្សាស្រាវជ្រាវទើបបានជោគជ័យ ដើម្បីក្លាយជាអ្នកជំនាញប្រកប ដោយគុណវុឌ្ឍិខ្ពស់បាន ព្រមទាំងបានទៅសិក្សាស្វែងយល់ ដកបទពិសោធន៍ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋវៀតណាមទៀតផង។
សូមបញ្ជាក់ថា តាមលទ្ធផល នៃការធ្វើអង្កេតនិស្សិតជ័យលាភី ក្នុងពិធីប្រគល់សញ្ញាបត្រកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ និស្សិតជ័យលាភីចំនួន៦,៧៦២នាក់ បានទទួលសញ្ញាបត្រនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាមានការងារធ្វើ ៩៦,៣០% ដែល៨៣%កំពុងបំពេញការងារក្នុងមុខតំណែងផ្សេងៗ ក្នុងនោះស្ថាប័នរដ្ឋ៣២.៨៣% ឯកជន៤១.៨៥% អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ១២.៦៧% និងអាជីវកម្មផ្ទាល់ខ្លួន៨.៩៥%។
អតីតនិស្សិត នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បាននិងកំពុងបំពេញការងារក្នុងមុខតំណែងផ្សេងៗ ក្នុងស្ថាប័នរដ្ឋ និងឯកជនចាប់ពីអ្នកតំណាងរាស្រ្ត, មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល រហូតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចៅក្រម មេធាវី នាយក នាយករងក្រុមហ៊ុនឯកជនធនាគារ សាលារៀននៅតាម គ្រឹះស្ថានឧត្តមសិក្សា ឬមធ្យមសិក្សាជាដើម។ ជាងនេះទៅទៀត សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុស្សរណៈយោគយល់ ជាមួយស្ថាប័ន ក្រុមហ៊ុន អង្គការជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យនិស្សិតចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ការបង្កើតមុខរបររបស់និស្សិតក្រោយបញ្ចប់ការសិក្សារបស់ខ្លួន។
ក្នុងបេសកកម្មអប់រំ រយៈពេលជាង១៧ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យ បានខិតខំប្រឹងប្រែងគ្រប់សកម្មភាព ទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន គុណភាពរៀន និងកសាងមូលដ្ឋានកាន់តែរឹងមាំរបស់ខ្លួនជាច្រើន ដូចជាទីតាំង អគារសិក្សានៅទីតាំង គោលរាជធានីភ្នំពេញ និងសាខាខេត្តជាដើម សមត្ថភាព បទពិសោធន៍សាស្រ្តាចារ្យកាន់តែខ្ពស់ ចំណែកសម្ភារឧទ្ទេសពិសោធន៍ ត្រូវបានអភិវឌ្ឍន៍ឥតឈប់ឈរ។ សាកលវិទ្យាល័យ បានប្តេជ្ញាថា ការបណ្តុះបណ្តាលនិស្សិតឲ្យក្លាយជាធនធានល្អ មានចំណេះដឹង មានជំនាញច្បាស់លាស់ មានបុគ្គលិកលក្ខណសម្បត្តិល្អ មានការងារល្អ ជាទង្វើស្នេហាជាតិ៕