(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានគាំទ្រសំណើរបស់ប្រតិភូខេត្តហ្វូជៀន នៃសារធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី ឡេ ជុនម៉ី (Lei Chun Mei) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជន ខេត្តហ្វូជៀន លើកិច្ចសហប្រតិបត្តិការវិនិយោគ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្ម រវាងខេត្តហ្វូជៀន ជាមួយនិងប្រទេសកម្ពុជា។
ចំពោះសំណើនេះដែរលោកស្រី ម៉ែន សំអន នឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពកក់ក្តៅ ដល់អ្នកវិនិយោគ របស់ខេត្តហ្វូជៀន មកកាន់កម្ពុជា ព្រោះនេះជាប្រយោជន៍រួម រវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ជាការរួមគ្នាអនុវត្ត ឱ្យបានជោគជ័យតាមស្មារតី ប្រសាសន៍រួមរវាងប្រមុខដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជីនពីង ដែលបានជួបគ្នាកន្លងមក លើនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» និងផ្លូវសូត្រ ដែលកម្ពុជាបានយល់ឃើញថា នេះជាចរន្តនៃការពង្រីកសក្តានុភាពសេដ្ឋកិច្ច មិនត្រឹមតែកម្ពុជានោះទេ គឺទាំងក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ការទទួលយកនូវសំណើនេះ បានធ្វើឡើងក្នុង ខណៈដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឱ្យប្រតិភូ ខេត្តហ្វូជៀន នៃសារធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
លោកស្រី ឡេ ជុនម៉ី (Lei Chun Mei) បានសំដែងការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ពិសេសលើកំណើនសេដ្ឋកិច្ច ដែលធានា បាន៧.១ភាគរយ នៅឆ្នាំ២០១៩នេះ និងមានស្ថិរភាពនយោបាយល្អ ដែលជាកត្តា ធ្វើឲ្យអ្នកវិនិយោគទុនក្នុងខេត្តហ្វូជៀន មានការចាប់អារម្មណ៍ និងត្រៀមមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ជាក់ស្តែងលោកស្រី ប្រធានប្រតិភូខេត្តហ្វូជៀន បានកត់សំគាល់ថាៈ មុននឹងប្រតិភូមកដល់កម្ពុជា សាលាខេត្តហ្វូជៀន បានបង្ហាញរបាយការណ៍ក្រៅផ្លូវការថា មានអ្នកវិនិយោគ ទាំងខ្នាតធំ និងមធ្យម ចំនួនជិត៤០ក្រុមហ៊ុន បានចុះបញ្ជីនៅសាលាខេត្តហ្វូជៀន ដើម្បីសុំមករកស៊ីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគប្រមាំណជិត៤០០លានដុល្លា។
លោកស្រី ឡេ ជុនម៉ី បន្តថា ទោះជាយ៉ាងនេះ ក្តីតែអ្នកវិយោគទុនខេត្តហ្វូជៀន ក៏មានចំនួនពីរ ឬបីក្រុមហ៊ុនបានកំពុងរកស៊ីនៅកម្ពុជា ក្នុងទំហំទុន វិនិយោគជាង ៥០០លានដុល្លារ ក្នុងនោះរោងចក្រផលិតដំណាប់ស្វាយដ៏ធំមួយនៅខេត្តកំពង់ស្ពឺ កំពុងដំណើរផលិត ដោយប្រមូលផ្លែ ស្វាយពីកសិករកម្ពុជា ដើម្បីនាំធ្វើការនាំចេញទៅកាន់ប្រទេសចិន។
លោកស្រី ម៉ែន សំអន និងលោកស្រី ឡេ ជុនម៉ី បានគាំទ្រ និងឯកភាពថាមិនត្រឹមតែធ្វើការទំនាក់ទំនងក្នុងកំរិតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំប៉ុណ្ណោះទេ គឺយើងត្រូវធ្វើគ្រប់វិស័យ គ្រប់កំរិត ពិសេសរវាងប្រជាជន និងប្រជាជន ដោយត្រូវផ្លាស់ប្តូរព័ត៌មានពីគ្នា ទៅវិញទៅមក ដើម្បីស្វែងរកកិច្ច សហប្រតិបត្តិការជាក់ស្តែង ឱ្យបានជាប់ជាប្រចាំលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ព្រមទាំងវិស័យផ្សេងៗទៀត។
ទន្ទឹមនឹងនេះ លោកស្រី ឡេ ជនម៉ី បានគោរពអញ្ជើញលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីដឹកនាំ គណៈប្រតិភូទៅធ្វើទស្សនកិច្ច នៅខេត្តហ្វូជៀន ដោយលោកស្រី ឡេ ជនម៉ី បញ្ជាក់ថានឹងអមដំណើរជូនប្រតិភូកម្ពុជា ទៅទស្សនកិច្ចតាមវិស័យសំខាន់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍។ ជាការឆ្លើយតបលោកស្រី ម៉ែន សំអន បានយល់ព្រម តាមពេលវេលាសមស្របណាមួយ៕