(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ចំនួន០៣នាក់ យកទៅដាក់ពន្ធនាគារដើម្បីរងចាំកាត់ទោសតាមកំណត់ច្បាប់។ មន្ដ្រីតុលាការបានឲ្យដឹងថា ជនត្រូវចោទទាំងនោះរួមមានឈ្មោះ ឈុំ ឌី, ឈ្មោះ សុខ នឿន និងឈ្មោះ សុខ ណាត។
ប្រភពព័ត៌មានដែល បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងទៀតថា ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក ឡុង ជៀប បានចោទប្រកាន់ជនសង្ស័យទាំង៣នាក់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណៈភាពជនរងគ្រោះ។
គួរជម្រាបថា កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនដៃដល់ ដែលប្រើហិង្សាវាយកាប់ចាក់ ក្នុងរោងការចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ត្រូវគេរាយការណ៍មកថា មានម្នាក់ គឺជាសាមីខ្លួនកូនកំលោះ និងម្នាក់ទៀត គឺជាភ្ញៀវខាងកូនកំលោះ។ ចំណែកជនសង្ស័យ៤នាក់ទៀត កំពុងរត់គេចខ្លួន។
ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពយកពូថៅ កាប់លើជនរងគ្រោះជាភ្ញៀវកូនក្រមុំបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់យ៉ាងធ្ងន់ធ្ងរ កាលពីកាលពីយប់ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៩ នៅចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ភាគីបង្ក គឺជាក្រុមភ្ញៀវខាងកូនកំលោះដែលមកពីខេត្តកំពត មកចូលរួមពិធីមង្គលការនៅចំណុចកើតហេតុខាងលើ លុះមកដល់ពេលកើតហេតុ ថ្ងៃទី៨ ខែឆ្នាំដដែល ត្រូវនឹងថ្ងៃហូបការ ពេលនោះភាគីបង្កខាងកូនកំលោះបាននាំគ្នាយកពូថៅ កាប់លើភាគីខាងកូនក្រមុំបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ នៅពេលពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ហើយបក្ខពួកផ្សេងវានរត់គេចខ្លួនអស់៕