(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងប្រតិបត្ដិការជាប្រចាំពេញ១ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងរងគ្រោះបំផុត ដល់អ្នកទទួលដោយផ្ទាល់សរុប៨៩,០៧៨គ្រួសារ និងប្រយោលតាមរយៈសេវាកម្មមនុស្សធម៌ផ្សេងៗ បានរាប់ម៉ឺនគ្រួសារទៀត។
នេះបានយោងតាមរបាយការណ៍ សកម្មភាពការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់កាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល អាណត្ដិទី៦ នៅរសៀលថ្ងៃថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះផងដែរបានពិភាក្សា និងអនុម័តទៅលើរបាយការណ៍សកម្មភាពឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០, របាយការណ៍សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៩, របាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០១៩ និងការព្យាករណ៍ចំណូលថវិកា
នៅឆ្នាំ២០២០, ការស្នើសុំអនុម័តផែនការថវិកា សម្រាប់ចំណាយជាអាទិភាពនៅឆ្នាំ២០២០ រួមទាំងការងារផ្សេងៗ។
កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ និងជាស្ថាប័ននាមុខគេ ក្នុងវិស័យមនុស្សធម៌ បានបន្ដខិតខំប្រឹងប្រែង និងពង្រីកគុណភាព សមត្ថភាព វិសាលភាពការងារទូទាំងប្រទេស។
ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩នេះ ទោះបីកម្ពុជាមានគ្រោះទឹកជំនន់ និងខ្យល់កន្ដ្រាក់ កើតមានឡើងស្ទើរគ្រប់រាជធានី-ខេត្ដ ឬគ្រោះមហន្ដរាយបង្កដោយមនុស្សក្ដី ដូចជា គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ហើយបានប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ កាកបាទក្រហមកម្ពុជា នៅតែមានកិច្ចសហប្រតិបត្ដិការល្អ ជាមួយស្ថាប័ននានា របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើការយកចិត្ដទុក្ខ លើការងារឆ្លើយតប ចំពោះគ្រោះមហន្ដរាយនានានេះ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ សុខុមាលភាពសង្គម ដែលជាបញ្ហាប្រឈមសម្រាប់ ប្រជាជនកម្ពុជាទាំងមូល៕