(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យប្រតិភូដឹកនាំដោយ លោកឧកញ៉ា ញ៉ុង ឆាយ អគ្គនាយកក្រុមហ៊ុន អិនស៉ី ញ៉ុង ឆាយ ឌីវេឡុបម៉ិន ឯ.ក (NC CONSTRUCTION & DEVELOPMENT CO., LTD.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញគម្រោងវិនិយោគតំបន់អេកូទេសចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងជំនួបនោះ ត្រូវបានធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលបន្ទប់រងចាំសាលាខេត្ត ដោយបានការចូលរួមពីលោកនាយករដ្ឋបាល ទីចាត់ការជំនាញ និងសមាសភាពប្រតិភូខ្មែរ នីហ្សេរីយ៉ា អេហ្ស៊ីប និងម៉ាឡេស៊ី ប្រមាណជាង១០រូប។

បន្ទាប់ពីជម្រាបជូនពីសក្តានុពល និងភូមិសាស្ត្ររដ្ឋបាល របស់ខេត្តពោធិ៍សាត់ មានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍រួចមក លោក ម៉ៅ ធនិន ជួសមុខឲ្យប្រជាពលរដ្ឋទូទាំងខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើការអំពាវនាវដល់វិនិយោគិន ចូលមកបណ្តាក់ទុនថែមទៀត នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ព្រមទាំងបានសន្យាផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនានា។

លោកឧកញ៉ា ញ៉ុង ឆាយ បានបង្ហាញអារម្មណ៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្ត ដែលបានចែករំលែកព័ត៌មានសំខាន់ៗ ទាក់ទងវឌ្ឍនភាព ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តពោធិ៍សាត់។ លោកឧកញ៉ា ក៏បានស្នើសុំអនុញ្ញាតិគោលការណ៍ សិក្សាគម្រោងវិនិយោគតំបន់អេកូទេសចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ជាមុន ដែលគម្រោងនេះអាចនឹងបង្កើតការងារជូនប្រជាពលរដ្ឋ និងរកប្រាក់ចំណូលបានកាន់តែច្រើន តាមរយៈវិស័យទេសចរណ៍បែបធម្មជាតិនេះ។

ជាមួយគ្នានោះដែរ លោក Sammy ដៃគូវិនិយោគ មកពីប្រទេសនីហ្សេរីយ៉ា ក៏បានថ្លែងកោតសរសើរអំពីសក្តានុពលក្នុងខេត្តពោធិ៍សាត់ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមតម្លៃនៃសន្តិភាព ដែលពីមុនតំបន់នោះសុទ្ធសឹងជាតំបន់សមរភូមិប្រយុទ្ធ។

លោក Sammy បានថ្លែងថា ប្រទេសនីហ្សេរីយ៉ា ជាប្រទេសនាំប្រេងចេញ ក៏ប៉ុន្តែមានតម្រូវការខ្វះខាតអង្ករជាចាំបាច់ ហើយលោកក៏មានចំណាប់អារម្មណ៍ ចង់នាំចេញអង្ករពីខេត្តពោធិ៍សាត់ ទៅប្រទេសរបស់ខ្លួនផងដែរ។ លោកបានបន្ថែមថា អង្ករនៅប្រទេសកម្ពុជាមានរសជាតិឆ្ងាញ់ លោកសង្ឃឹមថានៅពេលឆាប់ៗខាងមុខ ប្រជាជនប្រទេសនីហ្សេរីយ៉ា នឹងបានទទួលទានអង្ករ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ពីធម្មជាតិ មកពីខេត្តពោធិ៍សាត់៕