(ភ្នំពេញ)៖ បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៥ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា ហើយនៅដើមឆ្នាំ២០២០ខាងមុខនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី នឹងបោះផ្សាយមូលបត្របត្រកម្មសិទ្ធិផងដែរ។ ក្រៅអំពីធនាគារអេស៊ីលីដា គណៈកម្មការមូលបត្រកម្ពុជា ក៏រំពឹងថានឹងមានសហគ្រាសធុនតូច និងមធ្យម បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ នៅដើមឆ្នាំក្រោយផងដែរ។
នេះបើតាមការឲ្យដឹងរបស់លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយ សម្រាប់អ្នកសារព័ត៌មានលើកទី១០ស្ដីពី «វិស័យមូលបត្រ និងប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែង សសេរអត្ថបទព័ត៌មាន ក្នុងវិស័យមូលបត្រនៅកម្ពុជា»។
លោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា «សម្រាប់គណៈកម្មការមូលបត្រកម្ពុជារំពឹងថា នៅឆ្នាំក្រោយនេះ ក្រៅពីធនាគារអេស៊ីលីដា នឹងមានក្រុមហ៊ុនដែលជា សហគ្រាសធុនតូច និងមធ្យម បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ នៅដើមឆ្នាំក្រោយ។ សូមបញ្ជាក់ថា ក្នុងផ្សារមូលបត្រយើង មានបែកចែកជាពីរប្រភេទ មានឈ្មោះថា ទីផ្សារគោល និងទីផ្សារកំណើន ដោយសម្រាប់ទីផ្សារគោល មានក្រុមហ៊ុនធំៗសម្រាប់ចុះបញ្ជី ដូចជាធនាគារអេស៊ីលីដា ហើយសម្រាប់ទីផ្សារកំណើន គឺយើងឲ្យឈ្មោះថា សហគ្រាសធុនតូច និងមធ្យម ដែលមានដើមទុន ចាប់ពីកន្លះលានដុល្លារឡើងទៅ»។
លោកបានបញ្ជាក់ថា គណៈកម្មការមូលបត្រកម្ពុជា នៅតែសង្ឃឹមថា នឹងមានសហគ្រាសធុនតូច និងមធ្យម ចន្លោះពី២-៣ មានលទ្ធភាពចុះបញ្ជីលក់ភាគហ៊ុនផងដែរ។
លោក ស៊ូ សុជាតិ បានបញ្ជាក់ថា នេះជាឱកាសល្អណាស់សម្រាប់វិនិយោគិន ក្នុងការចូលឈានជើងចូល ក្នុងផ្សារមូលបត្រ ព្រោះបច្ចុប្បន្ននេះ មានក្រុមហ៊ុនតែ៥ប៉ុណ្ណោះ ដែលបានទាញយកផលប្រយោជន៍ ឬផលចំណេញចេញពីវិស័យផ្សារមូលបត្រនេះ។
សូមជម្រាបថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៥ បាននិងកំពុង បោះផ្សាយលក់មូលបត្រកម្មសិទ្ធិរួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ក្រុមហ៊ុនហ្គ្រេនធ្វីន , កំពង់ផែស្វយ័តក្រុងភ្នំពេញ, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ បានចុះបញ្ជីលក់មូលបត្របំណុលរួមមាន៖ ហត្ថាកសិករ, អិលអូអិលស៊ី និងធនាគារ ABA៕