(ក្រចេះ)៖ ដើម្បីលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានល្អ និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងផ្សារអូឬស្សី ដែលមានទីតាំងក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ រដ្ឋបានបាលខេត្តបានខិតខំដោះស្រាយនូវរាល់បញ្ហាក៏ដូចជាទំនាស់របស់អាជីវករលក់ដូរទៅតាមនីតិវិធី និងប្រកបដោយតម្លាភាព សមភាព និងប្រសិទ្ធភាព។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យា ការដាក់វិនិយោគទុន និងម៉ៅការភាស៊ីគ្រប់ប្រភេទ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដឹកនាំដោយលោក ទុយ ប៊ុនសរីរត័្នមុនី អភិបាលរងខេត្ត ចុះអនុវត្តន៍នូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដោយតម្រូវឲ្យពួកគាត់ជាម្ចាស់តូប ត្រូវធ្វើការរុះរើតូបចាស់ចេញ និងសម្ភារចេញជាបណ្តោះអាសន្ន ដែលលក់នៅលើចំណីផ្លូវ ក្នុងរយៈពេល ១០ថ្ងៃឃើញថា ពួកគាត់បានចូលរួមទទួលយកតាមការដោះស្រាយ ពីអាជ្ញាធរខេត្តដើម្បីបញ្ចប់ទំនាស់ និងដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានល្អ និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងផ្សារអូឬស្សី។

លោក ទុយ ប៊ុនសេរីរត្ន័មុនី បានលើកឡើងថា ចំពោះគោលការណ៍អនុវត្តនៅចំពោះមុខនេះ នឹងធ្វើការពិចារណាបន្ថែម ក្នុងគោលការណ៍លោកអភិបាលខេត្ត ថាតើត្រូវប្រើវិធានការបែបណា ដើម្បីចៀសវាងនូវផលប៉ះពាល់ទាំងឡាយណា ដែលធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ និងបញ្ចៀសឲ្យកាន់តែតូច បញ្ចៀសឲ្យកាន់តែតិច ឲ្យចំណេញទាំងសងខាងទទួលបាននូវការយល់ព្រមទាំងអស់គ្នា។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏អាជ្ញាធរនៅតែប្រកាន់ខ្ជាប់នូវផ្លូវច្បាប់ជានិច្ច ដែលគោលការណ៍ និងជាបន្ទាត់សម្រាប់ការអភិវឌ្ឍន៍។

តាមការបញ្ជាក់ពីលោកអភិបាលរងខេត្តរូបនោះ បញ្ជាក់ទៀតថា ក្រោយពីការដឹកនាំប្រជុំអស់រយៈពេលប្រហែលជាង៣ម៉ោង នៅសាលាក្រុងក្រចេះ ឃើញថាអាជីវករចំនួន៣នាក់ មានការចូលរួមជាមួយ និងការដោះស្រាយរបស់អាជ្ញាធរ បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ ដោយឡែក អាជីវករម្នាក់ទៀត មិនព្រមទទួលយកជាដាច់ខាត នៅក្នុងអង្គប្រជុំនៅសាលាក្រុងនោះ។

នៅពេលនោះក្នុងនាមលោកជាអ្នកដឹកនាំចុះពិនិត្យជាក់ស្ដែង លោកបានខិតខំសម្រួលដល់ចុងក្រោយ ហើយមានសម្របសម្រួសពីឪពុកម្ដាយ និងប្អូនរបស់ជីវករ ដែលមិនទទួលយកនោះ ក្រោយមកអាជីកររូបនោះ មានភាពទន់ភ្លន់ឡើងវិញដោយគាត់ទទួលយកដំដោះស្រាយរបស់អាជ្ញាធរ ចាប់ពីត្រឹមម៉ោង១២៖៣០នាទីថ្ងៃនេះ ហើយគាត់ស្មគ័្រចិត្តរុះរើដោយខ្លួនឯង គ្មានការបង្ខិតបង្ខំ៕