(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកសម្ពោធ និងផ្សព្វផ្សាយជាពិសេស ក្នុងឱកាសបុណ្យណូអែល ដើម្បីរៃអង្គាសថវិកាសម្រាប់កម្មវិធីសប្បុរសធម៌ របស់អង្គការមិត្តសំឡាញ់ ក្នុងការជួយយុវជន ដែលជួបការលំបាកនៅតាមដងផ្លូវ ឲ្យបានចូលមកសិក្សាវិញ។
ក្រុមហ៊ុន Cellcard បានកំណត់គោលដៅ ក្នុងការប្រមូលថវិកាឲ្យបាន២ម៉ឺនដុល្លារ ពីយុទ្ធនាការសប្បុរសធម៌ ក្នុងឱកាសបុណ្យណូអែលនេះ ដែលនឹងធ្វើការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមនានា។
សប្បុរសជន អាចធ្វើការបរិច្ចាគ តាមការផ្ញើសារជាអក្សរ ដែលមានការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបុណ្យណូអែល។
ជាក់ស្តែង ក្រុមហ៊ុន Cellcard ក៏បានរៀបចំតុបតែងផ្នែកខ្លះ នៃការិយាល័យកណ្តាលរបស់ខ្លួន ឲ្យក្លាយជា «Cellcard Christmas Street» ដើម្បីផ្តល់ជូនក្រុមគ្រួសារទំាងអស់ នូវបរិយាកាសដ៏រីករាយ ក្នុងការជួបលោកតាណូអែល និងក្រុមរបស់គាត់ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ មុនថ្ងៃបុណ្យណូអែល។
ការចូលរួមលេងកំសាន្តនេះ គឺមិនគិតថ្លៃនោះទេ ប៉ុន្តែត្រូវបានលើកទឹកចិត្តឲ្យសប្បុរសជនធ្វើការបរិច្ចាគ សម្រាប់បុព្វហេតុនេះ ដោយ៖
* ទូរស័ព្ទទៅលេខ ២៥២៥ ប្រសិនបើអតិថិជនសែលកាត
* តាមរយៈវីង ដោយស្កេន QR កូដ ឬ លេខកូដទូទាត់ (Merchant ID) 39999
* តាមរយៈគណនី ABA 000849002 របស់ អង្គការមិត្តសំឡាញ់ ដោយដាក់កំណត់សំគាល់ «Cellcard Charity»។
នៅក្នុងកម្មវិធី Christmas Street ក៏មានធ្វើការប្រគំតន្ត្រីសប្បុរសធម៌ នៅរាត្រីថ្ងៃទី២៤ ខែធ្នូ ដែលតារារបស់ Cellcard នឹងធ្វើការសម្តែង ហើយមានការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក ដើម្បីលើកទឹកចិត្ត ដល់សប្បុរសជនធ្វើការបរិច្ចាគឲ្យកាន់តែច្រើន។ ការប្រគំតន្ត្រីសប្បុរសធម៌ នឹងមានការចូលរួមសម្តែងដោយ រ៉េត ស៊ូហ្សាណា និងក្រុមតន្រ្តី Mustache ក៏ដូចជាការចូលរួមពីក្រុមតារាផ្សេងៗផងដែរ។
លោក Ian Watson នាយកប្រតិបត្តិនៃក្រុមហ៊ុន Cellcard បានថ្លែងថា ក្រុមការងាររបស់លោក បានជ្រើសរើសគាំទ្រដល់អង្គការមិត្តសំឡាញ់ ដោយសារតែភាពជោគជ័យដ៏អស្ចារ្យ នៃកម្មវិធីបើកបវេសនកាលថ្មី។
លោក Watson បានបន្តទៀតថា «ការអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យុវជននាពេលបច្ចុប្បន្ននេះ ជាពិសេសអ្នកដែលជួបការលំបាកផ្ទាល់ ហើយអាចជួយខ្លួនគេរួចផុតពីភាពក្រីក្រ និងកសាងអនាគតដ៏រឹងមាំ សម្រាប់គ្រួសាររបស់ពួកគេ»។ លោកថា «ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ពួកគេបាននាំយុវជនជាង១,៧០០នាក់ ត្រឡប់មកសាលាវិញ ហើយជួយពួកគេឲ្យនៅសាលារៀន ដោយមានថវិកាបន្ថែមអាចបន្តពង្រីកបាន»។
យុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ដោយមានការប្រគល់ថវិកាបរិច្ចាគ ទៅកាន់អង្គការមិត្តសំឡាញ់ នៅក្នុងខែមករានេះ។ ដើម្បីបរិច្ចាគ១ដុល្លារ អតិថិជន Cellcard អាចទូរស័ព្ទមកលេខ ២៥២៥ ឬ ផ្ទេរពីគណនីវីង ឬ គណនី ABA ដែលបានបង្ហាញខាងលើ។
ដើម្បីជ្រាបកាន់តែច្បាស់ អំពីសកម្មភាពទាក់ទងនឹងយុទ្ធនាការ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh អង្គការមិត្តសំឡាញ់ គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលប្តេជ្ញាផ្តល់សេវាកម្មសង្គមដល់កុមារ យុវជន និងគ្រួសារដែលរស់នៅតាមដងផ្លូវ ក្នុងក្តីសង្ឃឹមនៃការបង្កើតអនាគតភ្លឺស្វាង។
អង្គការនេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ហើយបានជួយកុមារ យុវជន និងសមាជិកគ្រួសារ ដែលងាយរងគ្រោះជាង ៤៥០,០០០នាក់ ដើម្បីកសាងអនាគតកាន់តែប្រសើរ សម្រាប់ខ្លួនពួកគេ (សម្រាប់អង្គការមិត្តសំឡាញ់ មានចំនួនរហូតដល់ជាង២០០,០០០)៕