(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្តាំថា ជាគ្រូពេទ្យត្រូវតែយល់ដឹងអំពីបញ្ហា និងស្ថានភាពអ្នកជំងឺឲ្យបានច្បាស់ ដើម្បីសម្រេចថា ខ្លួនឯងមានសមត្ថភាពព្យាបាល ឬមិនមានសមត្ថភាពព្យាបាល។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកសាស្ដ្រាចារ្យ ធា គ្រុយ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសន្និសីទវេជ្ជសាស្ដ្រអន្ដរជាតិ លើកទី៦ ដែលរៀបចំធ្វើឡើងដោយ សាកលវិទ្យាល័យអន្ដរជាតិ (IU) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកសាស្ដ្រាចារ្យ ធា គ្រុយ បានថ្លែងយ៉ាងដូច្នេះថា «ជាគ្រូពេទ្យត្រូវយល់ដឹងពីបញ្ហា និងស្ថានភាពរបស់អ្នកជំងឺឲ្យបានច្បាស់ ដើម្បីសម្រេចថា ជំងឺមួយនេះ យើងចេះព្យាបាល និងយើងមានលទ្ធភាពព្យាបាល ហើយសម្រេចថា យើងទទួលព្យាបាល ឬមានស្ថានភាពស្មុកស្មាញ ជាជំងឺដែលយើងមិនមានសមត្ថភាពព្យាបាល ហើយសម្រេចបញ្ជូនឲ្យទីតាំង១ទៀត ដែលជំនាញជាង ឬមានលទ្ធភាពខ្ពស់ជាង»។
ទន្ទឹមគ្នានោះ លោកសាស្ដ្រាចារ្យ ធា គ្រុយ ក៏បានគូសបញ្ជាក់ផងដែរថា មិនមានច្បាប់ណាមួយចែងថា ជាគ្រូពេទ្យត្រូវតែចេះព្យាបាលជំងឺគ្រប់មុខទេ ហើយក៏មិនមានច្បាប់ចែងថា ជាគ្រូពេទ្យត្រូវតែព្យាបាលអ្នកជំងឺ ឲ្យជាទាំងអស់ដែរ។
លើសពីនោះទៅទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល រូបនេះ បានលើកឡើងថា ដើម្បីអាចប្រកបវិជ្ជាជីវៈមួយនេះ (គ្រូពេទ្យ) ឲ្យបានល្អ គ្រូពេទ្យទាំងអស់ត្រូវតែបំពេញកាតព្វកិច្ច២ជាចាំបាច់ រួមមាន ១៖ ត្រូវមានសមត្ថភាពជំនាញមាំទាំ និងទាន់សម័យកាល និង២៖ ត្រូវមានអាជ្ញាប័ណ្ណប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ផ្ដល់ដោយគណៈគ្រូពេទ្យ ពិសេសអាជ្ញាប័ណ្ណប្រកបដោយវិជ្ជាជីវៈ មានសុពលភាព។
លោកសាស្ដ្រាចារ្យ ធា គ្រុយ បានឲ្យដឹងថា នៅលើលោកនេះ មានការចាំបាច់ត្រូវពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនឲ្យមាំទាំ ជាពិសេសឲ្យទាន់សម័យកាល នៃការរីកចំរើនជឿនលឿន នៃវិទ្យាសាស្ដ្រវេជ្ជសាស្ដ្រ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ធា គ្រុយ បានឲ្យដឹងទៀតថា សន្និសីទវេជ្ជសាស្ដ្រអន្ដរជាតិ លើកទី៦នេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូពេទ្យ តាមរយៈការយល់ដឹងថ្មី និងបទពិសោធន៍ថ្មី នៃសាស្ដ្រាចារ្យវេជ្ជបណ្ឌិតថ្នាក់ជាតិ និងសាស្ដ្រាចារ្យវេជ្ជបណ្ឌិត មកពីបរទេសជាច្រើនរូប។
លោកសាស្ដ្រាចារ្យ ធា គ្រុយ ក៏បានបញ្ជាក់ថា វិជ្ជាជីវៈជាគ្រូពេទ្យ គឺជាវិជ្ជាជីវៈ បែបជាការបំពេញករណីកិច្ច នៃតួនាទីជាគ្រូពេទ្យ គឺត្រូវបំពេញការងាររបស់ខ្លួន ប្រកបដោយសមត្ថភាពមាំទាំច្បាស់លាស់ មានភាពម៉ត់ចត់ប្រយ័ត្នប្រយ៉ែង ប្រកបដោយវិន័យខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយភាពសុចរិតត្រឹមត្រូវ និងគោរពក្រមសីលធម៌គ្រូពេទ្យជាចាំបាច់៕