(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសាលា មាតា បិតា និងសិស្សពូកែទទួលមេដាយមាស១៦នាក់ នៃសាលាចំណេះទូទៅអន្តរជាតិឌូវី តំណាងប្រទេសកម្ពុជា ទៅចូលរួមការប្រឡងវិទ្យាសាស្ត្រ និងគណិតវិទ្យាអន្តរជាតិអាស៊ានអូឡាំព្យាដ (ASMO) វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ ចូលជួបសំណេះសំណាល នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីអបអរសាទរ សិស្សឆ្នើមប្រចាំខេត្ត។

លោក គឹម រស្មី នាយកក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល បានជម្រាបជូនលោកអភិបាលខេត្តថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិឌូវី ចំនួន៤ក្រុម ស្មើនឹង១៦នាក់ ត្រូវបានជ្រើសរើស តាមរយៈការប្រឡងជម្រុះ ក្នុងចំណោមបេក្ខជនបេក្ខនារីជាច្រើន ដើម្បីតំណាងប្រទេសកម្ពុជា ទៅចូលរួមការប្រឡងវិទ្យាសាស្ត្រ និងគណិតវិទ្យាអន្តរជាតិ អាស៊ានអូឡាំព្យាដ (ASMO) វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងឆាងសា ខេត្តហូណាន សាធារណៈ រដ្ឋប្រជាមានិតចិន ដែលត្រូវប្រកួតប្រជែង ជាមួយសិស្សានុសិស្សមកពី១៥តំបន់នៃប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ និងប្រទេសផ្សេងៗទៀតមានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី អឺរ៉ង់ ជាដើម ដែលមានបេក្ខជនបេក្ខនារី សរុបជាង៣០០នាក់។

លោកបានបញ្ជាក់ថា សម្រាប់ដំណើរការប្រឡង និងកំណែរ នៃវគ្គជម្រុះប្រចាំប្រទេសនេះទៀតសោត គឺធ្វើឡើងដោយសុក្រិតបំផុត ពីគណៈកម្មការប្រឡងនិងកំណែនៃក្រុមអ្នកជំនាញអន្តរជាតិនៅការិយាល័យកណ្តាលក្នុងប្រទេស ម៉ាឡេស៊ី។

សូមបញ្ជាក់ថា ជាកូតាក្នុងមួយប្រទេស អាចបញ្ជូនតំណាងចំនួន៤ ក្រុមស្មើនឹង១៦នាក់ ឬ តិចជាងនេះតែប៉ុណ្ណោះ។ ជាលទ្ធផលសិស្សកម្ពុជា ចំនួន១ក្រុមទទួលបាន ពានជើងឯកលើវិញ្ញាសារក្រុម និងសិស្សម្នាក់ ទទួលបានមេដាយសំរឹទ្ធិ លើវិញ្ញាសារបុគ្គល បន្ថែមទៅលើមេដាយមាសតំណាងប្រទេសម្នាក់មួយទាំង១៦នាក់។ នេះជាមោទនៈភាពមួយ សម្រាប់ខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា ដែលទទួលបានជ័យជំនះ ត្រឡប់មកវិញ ក្នុងគ្រាដែលនេះជាបទពិសោធន៍ថ្មី លើកទី១ទៅលើប្រភេទការប្រឡងដ៏លំបាកនេះ ហើយក៏ជាជ័យជំនះ ដែលបានទទួលក្នុងលំដាប់ជើងឯកប្រទេស ដែលមានការជម្រុះច្រើនដង ក្នុងចំណោមបេក្ខជនរាប់សែននាក់។

លើកទី២ អ្វីដែលពិសេសសម្រាប់ខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា តាមរយៈការចុះហត្ថលេខាទទួលសិទ្ធិ ជាតំណាងចែកចាយផ្តាច់មុខ សម្រាប់ប្រទេសកម្ពុជា រវាងក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល និង ASMO អន្តរជាតិ កម្មវិធីប្រឡងផ្នែកវិទ្យាសាស្រ្តអូឡាំព្យាដ និងគណិតវិទ្យាអូឡាំព្យាដ នឹងត្រូវដាក់ឲ្យសិស្សានុសិស្ស គ្រប់មជ្ឍដ្ឋានទាំងរដ្ឋ និងឯកជនទូទាំងប្រទេសកម្ពុជា ចូលរួមប្រឡងក្នុងតម្លៃមួយ ដែលទាបជាងគេបំផុត ដែលវគ្គជម្រុះប្រចាំប្រទេស នឹងធ្វើឡើងក្នុងអំឡុង ខែឧសភា ឆ្នាំ២០២០។

អ្វីដែលកាន់តែវិសេសវិសាល និងជាទីមោទនៈនោះ គឺខេត្តបាត់ដំបងប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រឡងវគ្គផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២១ ដែលមានប្រទេសចូលរួមជាង២០ប្រទេស តាមការគ្រោងទុករបស់អគ្គនាយក ASMO អន្តរជាតិ។ ដោយឡែក ដោយចង់សម្រួល ដល់សិស្សានុសិស្សក្នុងខេត្តបាត់ដំបងទាំងមូល និងខេត្តក្នុងភូមិភាគពាយព្យសាលា បានសហការនាំចូលមកនូវការប្រឡង ប្រភេទអូឡាំព្យាដផ្សេងៗគ្នាមួយចំនួនទៀតដូចជា៖ កម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិអូឡាំព្យាដ២០២០ខាងមុខនេះ។

លោក ងួន រតនៈ អភិបាលខេត្ត សូមធ្វើការកោតសរសើរ ដល់សិស្សទាំងអស់បានទទួលជ័យលាភី បានមេដាយមាសជាក្រុម និងមានមេដាយជាបុគ្គលមួយចំនួនផង នេះសរបញ្ជាក់ឲ្យឃើញថា សិស្សពូកែទៅបាន ក៏អាស្រ័យមានការចូលរួម ពីអាណាព្យាបាលពីសាលា និងខ្លួនឯងជាពិសេស ដោយមិនអាចខ្វះមួយណាបានឡើយ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ភាគីទាំងអស់ ដែលបាននាំគ្នាខិតខំដូចជា ភាគីសាលាបានបង្កើតសាលា រកគ្រូល្អៗមកបង្រៀនសិស្សប្រកបដោយគុណភាព អាណាព្យាបាលបានខិតខំចិញ្ចឹមកូន តស៊ូជួយបង្រៀនកូនបន្ថែមផ្តល់ដំបូន្មានល្អៗដល់កូន និងកូនៗខ្លួនឯង ក៏បានខិតខំរៀនសូត្រមានចំណេះដឹង រៀនពូកែប្រជាប់ជ័យលាភីថ្នាក់ជាតិ និងអន្តរជាតិថែមទៀត នេះហើយដែលបានធ្វើឲ្យប្រទេសជាតិមានមុខមានមាត់ មានមោទភាពខ្ពស់បំផុត ហើយមានកិត្តិយសដល់ខេត្តយើង និងក្រុមគ្រួសារពិសេសខ្លួនឯងតែម្តង។

លោកបានផ្តាំផ្ញើ ទៅកាន់សិស្សពូកែទាំងអស់ថា សូមក្មួយៗជាសិស្សពូកែខិតខំរៀនឲ្យកាន់ពូកែថែមទៀត ដែលជាធនធានមនុស្សល្អប្រសើរបំផុត ជាទំពាំងស្នងឬស្សីបន្តវេណសម្រាប់ប្រទេសជាតិ យើងទៅថ្ងៃក្រោយ ដើម្បីបានចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យសម្បូររុងរឿងមានសុខសន្តិភាព សង្គមមានរីកចម្រើនកាន់ប្រសើរឡើងនាពេលអនាគត៕