(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាទទួលបានវិភាគទានសប្បុរសធម៌ ចំនួន ៩០០០ដុល្លារ ពីការបរិច្ចាគថវិកាសប្បុរសធម៌លើកទី៥ របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល សម្រាប់ទ្រទ្រង់ និងដើម្បីបន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ការបរិច្ចាគថវិកាសប្បុរសធម៌លើកទី៥នេះ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលដឹកនាំដោយលោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល ព្រមទាំងក្រុមការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយដែលសាលាអន្តរជាតិ លើននីង ចាំងហ្គល និងសាលាអន្តរជាតិ វេសវីយូកម្ពុជា បានប្រមូលថវិកាសប្បុរសធម៌ ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្ដជួយសង្គ្រោះជីវិតកុមារកម្ពុជា។ ការរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌នេះ ត្រូវបានផ្តួចផ្តើមឡើង ដោយលោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល ក្នុងគោលបំណង បណ្តុះសិស្ស នូវវប្បធម៌ចេះចែករំលែក ជាពិសេសការជួយទៅអ្នកដែលទន់ខ្សោយជាង និងមានជីវភាពខ្វះខាត ដើម្បីឱ្យពួកគេទទួលបានការ ជួយសង្រ្គោះជីវិត ដែលមានប្រសិទ្ធិភាព និងទាន់ពេលវេលា។
ការប្រមូលថវិកាសប្បុរសធម៌នេះធ្វើឡើងតាមរយៈការលក់សំបុត្រ ចូលរួមកម្មវិធីចែកសញ្ញាបត្រ និងការសម្តែងសិល្បៈរបស់សិស្សានុសិស្ស ជារៀងរាល់ឆ្នាំ។ ការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះក៏ទទួលបានការគាំទ្រ ពីសំណាក់មាតាបិតា និងអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យទំហំថវិកាសប្បុរសធម៌ប្រមូលបាន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។
ក្នុងឆ្នាំនេះ ថវិកាដែលប្រមូលបានពីការលក់សំបុត្រទាំងអស់ ពីមាតាបិតា និងអាណាព្យាបាលរបស់សិស្ស ព្រមទាំងគណៈគ្រប់គ្រង សាលាសរុបចំនួន ៥,០០០ដុល្លារ និងថវិកាផ្ទាល់ខ្លួនរបស់លោក លី វីរៈ ចំនួន ៤,០០០ដុល្លារ (បួនពាន់ដុល្លាអាមេរិក)។ មកទល់នឹងពេលនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល បានធ្វើការបរិច្ចាគថវិកាសរុបជាង ៣៤,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផារួចមកហើយ។ ហើយឆ្នាំក្រោយៗទៀតសាលាទាំង២នេះ នឹងបន្តជួយចូលរួមបរិច្ចាគថវិកាបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយទៅដល់កុមារកម្ពុជាមួយចំនួនដែលខ្វះខាតថវិកា ក្នុងការជួយសង្គ្រោះជីវិតជាចាំបាច់។
សាលាអន្តរជាតិ វេសវីយូ កម្ពុជា គឺជាការពង្រីកដល់កម្រិតមធ្យមសិក្សា (ថ្នាក់ទី៧ ដល់ទី១២) បន្តពីសាលាអន្តរជាតិ លើននីង ចាំងហ្គល ដែលផ្តល់ការអប់រំពីមត្តេយ្យ ទៅកម្រិតបឋមសិក្សាតែប៉ុណ្ណោះ។ យើងមានក្រុមគ្រូបង្រៀនសុទ្ធតែមានអាជ្ញាបណ្ណបង្រៀន និងបទពិសោធន៍បង្រៀន មធ្យមសិក្សាមកពីសហរដ្ឋអាមេរិក និងក្រៅប្រទេស និងក្រុមសិក្សាធិការដែលសុទ្ធតែមានគុណវឌ្ឍខ្ពស់ទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើការតាមដានការសិក្សារបស់សិស្ស និងជួយការរៀនសូត្រពួកគាត់ឱ្យកាន់តែប្រសើរឡើង។ សាលាឈរលើស្តង់ដារការអប់រំ ប្រកបដោយគុណភាពពិត និងសម្រួចសិស្សានុសិស្ស ឱ្យមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា សូមទំនាក់ទំនងមកលេខ៖ ០៩៥ ២២២ ៩៩៣/ ០៩៥ ៦៦៦ ៩៩៣។ សាលាអន្តរជាតិ លើននីង ចាំងហ្គល សូមទំនាក់ទំនងមកលេខ៖ ០៩៥ ២២២ ៥៥៧/ ០៩៥ ២២២ ៥៥៨៕