(កណ្ដាល)៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជំរុញឲ្យប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាលថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។

លោកជំរុញបែបនេះ ក្នុងពិធីប្រកាសតែងតាំងប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សរុបជាង ២០០នាក់។

លោក ឌុច សុន បន្តថា ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្តិភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងដំណើរការរៀបចំការបោះឆ្នោតគ្រប់ប្រភេទ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។

លោកក៏ស្នើឱ្យប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាលថ្មីដូចខាងក្រោម៖

*ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់អង្គភាពឱ្យបានល្អ បើមានបញ្ហាណាមួយកើតឡើងត្រូវនាំគ្នាជួបជុំ ពិភាក្សាដោះស្រាយ
*ក្នុងករណីហួសពីសមត្ថកិច្ចត្រូវរាយការណ៍ជូន គ.ជ.ប ដើម្បីផ្ដល់អនុសាសន៍ដឹកនាំ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ និងការបោះឆ្នោតជូនដល់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់គ្រប់រូបភាព ធានាភាពច្បាស់លាស់ និងទាន់សភាពការណ៍
*ត្រូវបន្តពង្រឹងតម្លាភាពរបស់ គ.ជ.ប តាមរយៈការបើកទូលាយឲ្យមានការចូលរួម និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធនានា ត្រូវជំរុញលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាង សកម្មពីគ្រប់គណបក្សនយោបាយសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកយកព័ត៌មានជាតិ និងអន្តរជាតិក្នុងគ្រប់ដំណើរការបោះឆ្នោត
*ដាច់ខាតត្រូវមានប្រជាពលរដ្ឋគ្រប់រូបចូលរួមធ្វើការងារបោះឆ្នោត ហើយត្រូវតែប្រកាន់តម្លាភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានស្នើដល់ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ ការប៉ិនប្រសប់ និងគំនិតច្នៃប្រឌិតខ្ពស់ ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ និងការទទួលខុសត្រូវខ្ពស់ លើវិស័យការងារ ដែលខ្លួនបំពេញតាមតួនាទី ភារកិច្ច និងបន្តកិច្ចសហការបន្ថែមទៀតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ថា តាមប្រការរបស់ គ.ជ.ប សំរេចតែងតាំងលោក ផាន់ ឬទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល ជំនួសលោក គឹម ហុង ត្រូវផ្ទេរមុខតំណែង បំរើការងារ ជាជំនួយការ គ.ជ.ប វិញ៕