(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានផ្ញើសារលិខិតគោរពជូនពរសម្តេច នាថ្ងៃខួបកំណើត នៅថ្ងៃអាទិត្យ ៤រោច ខែបិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦១ ត្រូវនឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសរសេរថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចចៅហ្វាវាំង មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ នៃក្រសួងព្រះបរមរាជវាំង ដែលបានជូនសព្ទសាធុការពរដល់ខ្ញុំ នាថ្ងៃខួបកំណើតរបស់ខ្ញុំ នៅថ្ងៃអាទិត្យ ៤រោច ខែបិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦១ ត្រូវនឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
ខ្លឹមសារជូនពរដ៏មានអត្ថន័យ បញ្ជាក់ពីក្តីគោរពស្រឡាញ់រាប់អានរបស់ សម្ដេចចៅហ្វាវាំង ចំពោះរូបខ្ញុំ និងគ្រួសារខ្ញុំ បានលើកទឹកចិត្តយ៉ាងធំធេងដល់រូបខ្ញុំ ក្នុងការបន្តដឹកនាំសមាគមជាតិ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក៏ដូចជាការចូលរួមចំណែករបស់ខ្ញុំ ក្នុងបុព្វហេតុលើកស្ទួយសុខុមាលភាពប្រជាជនកម្ពុជា និងវឌ្ឍនភាពសង្គម ព្រមទាំងសុខសន្តិភាព ស្ថិរភាពរឹងមាំ ក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»៕