(ក្រចេះ)៖ សពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងចំការ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នៅចំណុចវាលក្បូន ភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសមត្ថកិច្ចសង្ស័យបឋមថា ជាករណីឃាតកម្ម។

លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ការសន្និដ្ឋានបឋម គឺជាករណីឃាតកម្មសម្លាប់ ហើយហេតុការណ៍នេះប្រហែលកើតឡើងនៅរសៀលម្សិលមិញ តែទើបត្រូវបានគេប្រទះឃើញនៅព្រឹនេះ។ ស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ មានប្ដីមានកូនម្នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។

អធិការរូបនោះបន្តទៀតថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតថា ឪពុកខ្លួន ប៊ុន ផេង ទៅដឹកអុសឡ ខណៈម្តាយដឹកគោទៅក្រោយផ្ទះ តែមិនឃើញត្រឡប់មកវិញ ក៏ចាប់អារមណ៍រហូតដល់ម៉ោងប្រហែល ៦ល្ងាច រួចនាំគ្នាដើរកតែរកមិនឃើញ លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក៏ប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប នៅខាងក្រោយផ្ទះប្រហែលជា ១៥០ម៉ែត្រ។

លោកបន្តទៀតថា តាមការពិនិត្យសាកសព ឃើញមានស្នាមវាយនិងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោរធ្គាមសងខាង ពោរចង្កា បែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង។ ក្រោយពីការពិនិត្យពីរមន្រ្តីជំនាញបានប្រគល់សពស្រ្តីរងគ្រោះ ឲ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី។

នៅពេលនេះកម្លាំងនគរបាល ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បាននិងកំពុងបើកការស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់៕