(ស្វាយរៀង)៖ លោក ប៉ក់ ណារ៉ូន សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំសម្ភារសិក្សាទៅចែកសិក្សានុសិស្ស ជិត៤០០នាក់ នៅសាលាបឋមសិក្សាមង្គលរការាម ស្ថិតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ព្រមទាំងនាំយកថវិកាសប្បុរសជន ចូលរួមកសាងសមិទ្ធផលនានា នៅក្នុងសាលាផងដែរ។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ, លោក ភោគ វ៉ាន់ថន មេឃុំក្រោលគោ និងសប្បុរសជន រួមទាំងភ្ញៀវ កិត្តិយសជាច្រើនរូបទៀត។
លោក ប៉ក់ ណារ៉ូន បានលើកឡើងថា ដោយមើលឃើញពីការខ្វះខាតសម្ភារ សិក្សារបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលាបឋមសិក្សាមង្គលរការាមនេះ លោកបានខិតខំអំពាវនាវរកសប្បុរសជន ដើម្បីគៀងគររកសម្ភារ និងថវិកា និងថវិកាផ្ទាល់ខ្លួនខ្លះ ដើម្បីយកមកចែកជូន ក៏ដូចជាការចូលរួមកសាងទុកជាសមិទ្ធផលក្នុងសាលានេះ ទៅថ្ងៃអនាគតសម្រាប់ផ្តល់ចំណេះដឹង ដល់អ្នកជំនាន់ក្រោយៗទៀត។
លោក ប៉ក់ ណារ៉ូន បានបញ្ជាក់ថា កាលពីនៅកុមារភាព លោកធ្លាប់សិក្សានៅសាលានេះ ហើយរហូតដល់ពេលនេះលោកគ្រូ អ្នកគ្រូ ដែលបង្ហាត់បង្រៀនលោក មានវ័យចំណាស់ៗ ហើយនៅតែមានវត្តមានបង្រៀនសិស្សនៅទីនេះ។ លោកថា ទោះលោកបានចាកចេញឆ្ងាយពីសាលានេះមែន តែលោកមិនភ្លេចទីន្លែងផ្តល់ ចំណេះដឹងដល់រូបលោកឡើយ។
លោកក៏បានលើកឡើងទៀតថា ប្រទេសជាតិយើងចាំបាច់ត្រូវការធនធានមនុស្ស ក្នុងការកសាងជាតិ មាតុភូមិឲ្យកាន់តែរីកចម្រើនថែមទៀត។ ដូច្នេះប្រទេសជាតិ ត្រូវការក្មួយៗ ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីនេះបន្តវេន ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រ ពោលគឺរៀនហើយ រៀនទៀត រៀនមិនចេះចប់ ដើម្បីអភិវឌ្ឍន៍ខ្លួន និងប្រទេសជាតិ។
លោក ប៉ក់ ណារ៉ូន បានលើកឡើងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស និងរីកច្រើនលើគ្រប់វិស័យ។ លោកបានសំណូមពរប្រជាពលរដ្ឋនៅទីនេះ ចេះរួបរួមស្រលាញ់គ្នា និងរួមគ្នាការពារសន្តិភាព ដែលមានរួចហើយ ព្រោះបើមិនមានសន្តិភាព គឺគ្មានការអភិវឌ្ឍនោះទេ។
ជាមួយគ្នានេះ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ក៏បានថ្លែងសំណេះសំណាលទៅកាន់ក្មួយៗសិស្សានុសិស្សផងដែរថា សាលាបឋមសិក្សាមង្គលរការាមនេះ គឺជាថ្នាលបណ្តុះបណ្តាល ជាគ្រឹះចំណេះដឹងដំបូងបង្អស់ដែលធ្វើឲ្យក្មួយៗចេះអាន ចេះសរសេរ ចេះគិតចេះគូរ ដែលបានពីការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ ដើម្បីជាស្ពាននៃចំណេះដឹង បន្តទៅអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ។ ដូច្នេះក្មួយៗ ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូ និងខិតខំរៀនបន្ថែមនៅផ្ទះឲ្យបានច្រើន ជៀសវៀងឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះក្មួយៗជាទំពាំងស្នងឫស្សី ជាសរសរគ្រឹះរបស់ជាតិ។
ខាងក្រោមនេះ ជាឈ្មោះរបស់សម្បុរសជន ដែលបានជួយឧបត្ថមនាឱកាសនោះ រួមមាន៖
*លោក ប៉ក់ ណារ៉ូន សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកគៀងគរសម្បុរជនក្នុងការកសាងសាលា យ៉ាងយកចិត្តទុកដាក់ រួមនឹងថវិកាមួយចំនួន។
*លោក ភូមី មុន្នីរិទ្ធ អនុប្រធានយុវជនគណបក្សប្រជាជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជួយកសាងសម្ភារក្មេងលេង មានទោង និងសម្ភារសិក្សា សម្រាប់សិស្ស៣៦៧នាក់។
*លោក គង់ សំអាត អនុប្រធាន ឧបត្ថម្ភថវិកាដល់សិស្សានុសិស្សម្នាក់ៗ ៥,០០០រៀល ក្រុមប្រឹក្សាភិបាល ប្រជាការពារ លោកគ្រូអ្នកគ្រូ ក្នុងម្នាក់ចំនួន២០,០០០រៀល ក្នុងម្នាក់។
*លោក ហុង រ៉ា ប្រធានយុវជនស្រលាញ់សន្តិភាព ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ថវិកា២០០ដុល្លារ។
*លោកឧត្ដមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថវិកា១០០ដុល្លារ។
*លោក បូ ប្រាក់ ប្រធានក្រុមហ៊ុន DP7 Design ថវិកា២០០ដុល្លារ។
*លោក ពុំ វ៉ាន់ថា ក្រុមហ៊ុន KVP ថវិកា១៥០ដុល្លារ។
*អ្នកនាង សាយ ស្រីអូន បម្រើការនៅប្រទេសជប៉ុន ថវិកា១០០ដុល្លារ៕