(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សុភាព អនុប្រធានប្រចាំការ នៃគណៈកម្មការប្រឡង បានបញ្ជាក់ថា សម្រាប់ប្រឡងជ្រើសរើសនាយទាហាន នៅឆ្នាំ២០២០នេះ បេក្ខជន បេក្ខនារី រូបណាប្រព្រឹត្តខុសតាមបញ្ជាផ្ទៃក្នុង របស់គណៈកម្មការប្រឡងនឹងត្រូវដេញចេញពីការប្រឡង ដោយមិនតម្រូវលើកលែងទៀតនោះទេ។
ការព្រមានទុកជាមុនរបស់លោកឧត្តមសេនីយ៍ឯក ប៊ុន សុភាព បានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាតំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡង ក្នុងពិធីបូកសរុបលទ្ធផលក្រុមការងារថ្នាក់កណ្តាល ការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
មន្ត្រីជាន់ខ្ពស់កងទ័ពជើងគោករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឱ្យតែចាប់បាន គឺថាមិនគោរពតាមបទបញ្ជាផ្ទៃក្នុង អញ្ចឹងហើយ គឺដេញចេញពីប្រឡង ព្រោះថាបេក្ខជន៨០០០នាក់ជាងដាក់ ប្រឡងម្តងនេះ យើងយកតែ៦២០នាក់ ដូចជាមិនលំបាកក្នុងការជ្រើសរើស នាយទាហានដែលល្អ និងមានសមត្ថភាពគ្រប់គ្រាន់ទៅធ្វើនោះទេ»។
លោកឧត្តមសេនីយ៍ឯក ប៊ុន សុភាព បានថ្លែងថា ការរឹតបន្តឹងបែបនេះ គឺដើម្បីជ្រើសរើសនាយទាហានបន្តវេន ដែលមាសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមវបម្រើការងារជា នាយទាហានបន្តវេន ក្នុងការចូលរួមលើកស្ទួយកិត្យានុភាពកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានបន្តថា សម្រាប់ការប្រឡងជ្រើសរើសនាយទាហាន នៅឆ្នាំ២០២០នេះ ប្រធានអគារប្រឡងត្រូវចាត់ចែងឱ្យមានអ្នកតាមដានសិស្សណាដែល ចូលក្នុងបន្ទប់ទឹក រហូតចេញមកវិញ ដើម្បីឆែករកមើលសំណើឯកសារនានា ដែលកូនសិស្សលាក់ទុក ដូច្នេះ សូមឱ្យប្រធានមណ្ឌលប្រឡងនានា ត្រូវត្រួតពិនិត្យនៅក្នុងបន្ទប់ទឹក និងទីតាំងផ្សេងៗទៀត ឱ្យបានម៉ត់ចត់ ដើម្បីការពារនូវបាតុភាពខុសប្រក្រតីលើការប្រឡងរបស់បេក្ខជន ដោយសារតែបេក្ខជនខ្លះគាត់លួចយកសំណើរឯកសារចូលក្នុងបន្ទប់ប្រឡងបាន ដូចកាលពីឆ្នាំមុនៗ ជាដើម។
លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានអំពាវនាវដល់គណៈកម្មការមេប្រយោគ ការកែពិន្ទុទាំងអស់ ត្រូវកែសំណើរឯកសាររបស់បេក្ខជន ឱ្យមានសុខក្រឹត្យភាព លើសមត្ថភាពជាក់ស្តែងរបស់បេក្ខជនទាំងអស់ ព្រោះថា កន្លងទៅមានការធ្វេសប្រហែសចំពោះពិន្ទុរបស់បេក្ខជនផងដែរ។
គួជម្រាបថា នៅឆ្នាំ២០២០ ខាងមុខនេះ មានបេក្ខជន បេក្ខនារី បានបានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ (ប្រស៤,៦៧០នាក់/ ស្រី៣,៣៣នាក់) ស្មើនឹង ៣២៧បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងមក បេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៨,៣៥២នាក់ គឺថយចំនួន ២៨នាក់ ស្មើនឹង ៣,៤៦%។
ដោយបានបង្កើតគណៈកម្មការប្រឡង និងគណ:មេប្រយោគ (អគារនុរក្ស មេពួក និងអនុរក្ស នៅតាមមណ្ឌល ប្រឡងទូទាំងប្រទេសមានចំនួន សរុប៩៦៦នាក់ និងបានបែងចែកតាមមណ្ឌលប្រឡងចំនួន៧ រួមមាន៖
* ទី១៖ មណ្ឌលភ្នំពេញ ចំនួន៣៤៦នាក់
*ទី២៖ មណ្ឌលភូមិភាគទី១ ខេត្តស្ទឹងត្រែង ចំនួន៥៥នាក់
* ទី៣៖ មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម ចំនួន៨៤នាក់
* ទី៤៖ មណ្ឌលភូមិភាគទី៣ ខេត្តតាកែវ ចំនួន ៨១នាក់
* ទី៥៖ មណ្ឌលភូមិភាគទី៤ ខេត្តសៀមរាប ចំនួន ១៦៥នាក់
*ទី៦៖ មណ្ឌសភូមិភាគទី៥ ខេត្តបាត់ដំបង ចំនួន ១២៧នាក់
និងគណៈកម្មការប្រឡងចំនួន ១០៨នាក់៕