(វៀងចន្ទ-ឡាវ)៖ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ បានផ្តល់ថវិកាបន្ថែមចំនួន២លានអឺរ៉ូ (ប្រមាណ២.២លានដុល្លារអាមេរិក) ឲ្យទៅគណៈកម្មការទន្លេមេគង្គ ដែលហៅកាត់ថា MRC ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាធនធានទឹកឆ្លងដែន និងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ក្នុងការពិនិត្យតាមដាន ផលប៉ះពាល់បរិស្ថានឆ្លងដែន ពីទំនប់វារីអគ្គិសនីតាមដងទន្លេ នៃទន្លេមេគង្គក្រោម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការទន្លេមេគង្គ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
បើតាមសេចក្ដីប្រកាសព័ត៌មាន MRC, កិច្ចព្រមព្រៀងផ្តល់ថវិកានេះ ត្រូវបានចុះហត្ថលេខា ដោយលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងលោក យិនស៍ លុធឃិនហែម (Jens Lütkenherm) ឯកអគ្គរដ្ឋទូតប្រទេស អាល្លឺម៉ង់ប្រចាំប្រទេសឡាវ ក្នុងពិធីចុះហត្ថលេខា ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទ នាថ្ងៃទី១៣ ខែធ្នូនេះ។
មូលនិធិបន្ថែមនេះ បានធ្វើឲ្យការចូលរួមចំណែកថវិកា របស់ប្រទេសអាល្លឺម៉ង់សម្រាប់ MRC កើនដល់ចំនួន៦.៤៥លានអឺរ៉ូ សម្រាប់ការអនុវត្តផែនការ យុទ្ធសាស្ត្របច្ចុប្បន្ន ឆ្នាំ២០១៦-២០២០ និងការចាប់ផ្តើមផែនការថ្មី ឆ្នាំ២០២១-២០២៥។
ក្នុងន័យបញ្ជាក់ជាថ្មី ពីភាពជាដៃគូដ៍យូរអង្វែងរបស់ប្រទេសអាល្លឺម៉ង់ នឹងគណៈកម្មការទន្លេមេគង្គមូលនិធិនេះ មានគោលបំណងជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើការរៀបចំផែនការ និងគ្រប់គ្រងធនធានទឹកឆ្លងដែន ក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គក្រោម ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
សម្រាប់រយៈពេល៣ឆ្នាំ (២០១៩-២០២១) ជំនួយឥតសំណងនេះ មានគោលបំណងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងការពិនិត្យតាមដានផលប៉ះពាល់បរិស្ថានឆ្លងដែន ពីទំនប់វារីអគ្គិសនីតាមដងទន្លេមេ ដែលបានសាងសង់រួចរាល់ក្នុងទន្លេមេគង្គក្រោមរួមមានទំនប់សាយ៉ាបូរី និងដនសាហុង និងផ្តល់នូវវិធាននានា ដើម្បីកាត់បន្ថយផលប៉ះពាល់តាមរយៈកម្មវិធីពិនិត្យតាមដានបរិស្ថានរួមរបស់ MRC។
លោកបណ្ឌិត ហត្ថដា បានលើកឡើងថា «ការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ មកដល់ចំពេលដ៍សំខាន់ គឺពេលដែលទន្លេមេគង្គកំពុងប្រឈម នឹងការថ្លឹងថ្លែងដ៏ពិបាក រវាងការង្កើនការអភិវឌ្ឍក្នុងវិស័យថាមពល ដឹកជញ្ជូន និងកសិកម្ម និងផលប៉ះពាល់លើបរិស្ថាន និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងស្រុក»។
យោងតាមលទ្ធផលការពិនិត្យតាមដានលំហូរទឹករបស់ MRC ចុងក្រោយបំផុតបានបង្ហាញថា គ្រោះរាំងស្ងួតឆ្នាំ២០១៩ បានបណ្តាលឲ្យកម្រិតទឹកទន្លេមេគង្គ ធ្លាក់ដល់កម្រិតទាបបំផុត នៅក្នុងប្រវត្តិសាស្ត្រ ឬក្នុងកំឡុងពេល៦០ឆ្នាំចុងក្រោយនេះ។ តំបន់ភាគច្រើនតាមអាងទន្លេ កំពុងជួបប្រទះនូវលំហូរទឹកទាប គួរឲ្យកត់សម្គាល់ ចាប់តាំងពីខែមិថុនាមក។
លទ្ធផល បានបង្ហាញបន្ថែមថា លំហូរទឹកទាបខ្លាំង ការធ្លាក់ចុះយឺតនៃសារធាតុកករ និងវត្តមានសារាយឬស្លែនៅលើដីខ្សាច់ និងស្រទាប់បាតទន្លេ គឺជាមូលហេតុដែលបណ្តាលឲ្យពណ៌ទឹកទន្លេមេគង្គ បែ្រជាពណ៌ខៀវបៃតង នាពេលថ្មីៗនេះ។
MRC បានក្រើនរំលឹកថា ស្ថានភាពទឹកប្រែពណ៌ខៀវបៃតង អាចនឹងកើតមាននៅតាមកន្លែងផ្សេងៗទៀត និងបង្កឲ្យមានហានិភ័យ ដូចជាការប្រែប្រួលផលិតភាពរបស់ទន្លេ ការកាត់បន្ថយផលិតភាពជីវៈសាស្ត្រចម្រុះក្នុងទឹក ដែលបណ្តាលមក ពីទឹកប្រែកាន់តែថ្លាច្បាស់។
លោកបណ្ឌិត ហត្ថដា បានបន្ថែមថា «បញ្ហាដែលកំពុងកើតមានទាំងនេះ ទាមទារឲ្យមានការពិនិត្យតាមដាន និងរាយការណ៍ល្អិតល្អន់ និងរហ័សសម្រាប់ការគ្រប់គ្រងអាងទន្លេដ៍សមស្របមួយ។ ខ្ញុំសូមអរគុណដល់ ប្រទេសអាល្លឺម៉ង់ ដែលបានធ្វើឲ្យកិច្ចការនេះ អាចអនុវត្តបាន»។
ប្រទេសអាល្លឺម៉ង់ បានផ្តល់មូលនិធិគាំទ្រដល់ MRC ទាំងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានគិតជាថវិកាប្រមាណជិត៥០លានអឺរ៉ូ ចាប់តាំងពីឆ្នាំ១៩៩៥មក។ ការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ទាំងនេះ បានផ្តល់ លទ្ធភាពឲ្យ MRC អនុវត្តនូវសកម្មភាពយុទ្ធសាស្រ្តផ្សេងៗ រួមមានកំណែទម្រង់ស្ថាប័ន ការអភិវឌ្ឍថាមពលវារីអគ្គិសនីប្រកបដោយចីរភាព ការគ្រប់គ្រងធនធានទឹករួម ការកាត់បន្ថយគ្រោះទឹកជំនន់ និងបម្រែបម្រួល អាកាសធាតុ។
លោក យិនស៍ លុធឃិនហែម (Jens Lütkenherm) បានលើកឡើងថា «នៅពេលដែលទន្លេមេគង្គ កំពុងរងនូវសម្ពាធពីផលប៉ះពាល់ នៃគម្រោងគ្រប់គ្រងទឹកសម្រាប់ប្រព័ន្ធធារាសាស្ត្រ ថាមពលវារីអគ្គិសនី និងការផ្គត់ផ្គង់ទឹក ក្នុងពេលតែមួយ កិច្ចការរបស់ MRC នឹងប្រែកាន់តែសំខាន់ ក្នុងការពិនិត្យតាមដាន និងគ្រប់គ្រងបម្រែបម្រួលរបស់អាងទន្លេ»។
លោកបន្ដថា «ថវិកាបន្ថែមរបស់យើង នឹងផ្តល់លទ្ធភាពដល់ MRC ពន្លឿនកិច្ចការ វាយតម្លៃផលប៉ះពាល់ទាំងនោះ និងធានាថា ភាគីដែលធ្វើការសម្រេចចិត្តទាំងអស់ នៅក្នុងអាងទន្លេបានយល់ដឹងពីផលវិបាកនានា និងចាត់វិធានការឲ្យបានសមស្រប និងទាន់ពេលវេលា»៕