(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិត ថ្លែងសូមថ្លែងអំណរព្រះរាជគុណ ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ និងព្រះរាជទ្រព្យចំនួន ១០,០០០USD (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ព្រមទាំងផ្កាស្រស់ល្អ១កន្ដ្រកធំ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ជូនសម្តេច ក្នុងឱកាសទិវាខួបកំណើត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមទាំងអស់ខាងលើនេះ។ ខ្ញុំម្ចាស់ចងចាំជានិច្ច នូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដើម្បីខិតខំបំរើជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានា ក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សំរាប់ប្រជានុរាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គជ្រកកោន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគ្រប់ៗរូបតរៀងទៅ»៕