(ពោធិ៍សាត់)៖ លោកបណ្ឌិត ហង់ ជួណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ក្មួយៗដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សារៀនសូត្រ និងមានវិន័យសីលធម៌ល្អ។
ការគូសបញ្ជាក់បែបនេះបានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ហង់ ជួណារ៉ុន និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជារួម ដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវអគារមត្តេយ្យសិក្សា សហគមន៍៤ នៅក្នុងខេត្តពោធិ៍សាត់ និង៣នៅខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់អង្គការ (Save the Chidren) ប្រចាំប្រទេសកម្ពុជា។
ពិធីនេះ បានធ្វើឡើងនៅក្នុងសាលាបឋមសិក្សាស្តុកឃ្លោក ស្ថិតក្នុងភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណ ចំពោះអង្គការ Save the Chidren ប្រចាំប្រទេសកម្ពុជា ដែលបានជួយកសាងអគារមត្តេយ្យ សិក្សាសហគមន៍ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងនេះឡើង ដើម្បីបំពេញតម្រូវការរបស់សិស្ស ដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។
លោករដ្ឋមន្ដ្រី ហង់ ជួណារ៉ុន បានលើកឡើងថា ការចូលរួមអភិវឌ្ឍន៍ លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះ បាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឲ្យកុមារគ្រប់ៗរូប បានចូលរៀនធានាការអប់រំ ប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌ និងបង្កើតកាលានុវត្តភាព សិក្សាពេញមួយជីវិត។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រាប់ដល់ក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគតនោះ គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារ សមិទ្ធិផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ពិសេសមាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។
ស្របពេលនោះដែរ លោកបណ្ឌិត ហង់ ជួនណារ៉ុន ក៏បានសម្តែងនូវការនឹករលឹក ដល់ប្រជាពលរដ្ឋនៅក្នុងឃុំអូតាប៉ោង ក៏ដូចទូទាំងខេត្ត ដែលកន្លងមក ខិតខំអភិវឌ្ឍន៍មូលដ្ឋាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឃន៍លើគ្រប់វិស័យ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោកបណ្ឌិត ហង់ ជួនណារ៉ុន សូមឲ្យបុគ្គលិកអប់រំទាំងអស់ បន្តការខិតខំបង្រៀនសិស្ស ស្របតាមចតុស្តម្ភទាំង៤ នៃការអប់រំគឺរៀន ដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា។ ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវតែជំរុញ កូនចៅមកចូលរៀនឲ្យបានគ្រប់ៗគ្នា និងចូលរួមរក្សាការពារ នូវសមិទ្ធិផលទាំងអស់នេះ ឲ្យបានគង់វង្សយូរអង្វែង។
បើតាមលោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា អគារមត្តេយ្យសហគមន៍ និងសមិទ្ធិផលផ្សេងៗទៀត ជាអំណោយរបស់ អង្គការ Save the Chidren ប្រចាំប្រទេសកម្ពុជា ដែលបានធ្វើពិធីសម្ពោធជានិម្មិតរូប ដាក់ឲ្យប្រើប្រាស់ជារួមនាពេលនេះ រួមមាន៖
* អគារមត្តេយ្យសិក្សាសហគមន៍ស្តុកឃ្លោក រាំងទិល កំពង់ឃ្នាស និងអន្លង់រាំងក្នុងខេត្តពោធិ៍សាត់
* មត្តេយ្យសិក្សាសហគមន៍ កំពង់ក្តារ តាមល់លើ និងដូនវៀត ក្នុងខេត្តកំពង់ឆ្នាំង ដោយចំណាយអស់ថវិកា ៤៥៤,០៦១ដុល្លារអាមេរិក។
លោក លី សុគន្ធី បន្ដថា សំណង់អគារនេះ គឺជាគម្រោងគាំពារ និងអភិវឌ្ឍន៍អប់រំកុមារតូច ស្ថិតក្នុងតំបន់លិចទឹក និងបណ្តែតទឹក ចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៦ និងបញ្ចប់ឆ្នាំ២០១៩ សាងសង់ទៅតាមស្តង់ដា និងលក្ខ័ណ្ឌមួយចំនួនដូចជា កុមារមេត្រី សុវត្ថិភាព អនាម័យទឹកស្អាត បរិស្ថានល្អ កាត់បន្ថយ ពីហានិភ័យនានា ដែលកើតឡើងដោយគ្រោះធម្មជាតិ និងនិរន្តភាពនៃការប្រើប្រាស់អគារ។
ប្រធានមន្ទីរអប់រំ បានបន្ថែមទៀតថា អគារមត្តេយ្យសិក្សាសហគមន៍នេះ សម្រាប់កុមារ ដែលមានអាយុត្រឹម៦ឆ្នាំចុះក្រោម ដែលមានផ្ទៃក្រឡាបណ្តោយ១៨ម៉ែត្រ និងទទឹង៧ម៉ែត្រ ចែកចេញជាថ្នាក់រៀនតំបន់ក្មេងលេង និងបន្ទប់ទឹក៕