(បាត់ដំបង)៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ក្រសួងបានដាក់ផែនការប្រែក្លាយទីក្រុងបាត់ដំបង ឲ្យក្លាយជាទីក្រុងគ្មានផ្សែងបារី នៅចុងឆ្នាំ២០២០។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលា និងពិធីចែកពានស្តីពី «បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍», «Smoke-Free Environment in Tourism Sector» នៅសណ្ឋាគារប្រេស៊ីដង់ ក្រោមវត្តមានលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោកបណ្ឌិតរដ្ឋមន្រ្តី ថោង ខុន និងថ្នាក់ដឹកនាំខេត្ត។
លោក ហោ សារុន បានថ្លែងថា នៅពេលនេះជាការចែកពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ជូនដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថាន គ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។ ក្នុងនាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកសូមកោតសរសើរដោយស្មោះចំពោះអ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ដែលមានស្នាដៃឆ្នើមក្នុងការខិតខំនិងយកចិត្តទុកដាក់អនុវត្តគោលការណ៍ បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅតាមមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក។
លោកបានបញ្ជាក់ថា «ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេសសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងប្រទេស ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់។ លើសពីនេះទៀត យើងក៏មាន ពិធីចែកពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដែលជាការលើកទឹកចិត្តនិងជាសក្ខីភាពមួយបញ្ជាក់ថា ការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ របស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ មិនត្រឹមតែជាការប្រតិបត្តិនិងអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងការទទួលស្គាល់ផងដែរ»។
បើតាមលោក ហោ សារុន កាលពីសប្តាហ៍ទី២ នៃខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូបានចុះត្រួតពិនិត្យវាយតម្លៃ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងក្រុងបាត់ដំបងនេះ ហើយជាលទ្ធផល យើងរកឃើញសណ្ឋាគារ ចំនួន២២កន្លែង ក្នុងចំណោមសណ្ឋាគារ ៤៤កន្លែង និងភោជនីយដ្ឋានចំនួន ១៣កន្លែង ក្នុងចំណោមភោជនីយដ្ឋាន ២៦កន្លែង ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ហើយដែលក្រុមការងារនឹងប្រកាសជូននាពេលបន្តិចទៀតផងដែរ។
លោកបន្តថា ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានាក្រោមច្បាប់ រួមមាន អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ....។ល។ ចំណុចសំខាន់ៗ ដែលមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖
*ត្រូវបិទផ្សាយ ឬដាក់បម្រាមហាមជក់នៅតាម ផ្លូវចូល និងកន្លែងសមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់គោះបារី ត្រូវបង្គាប់មិនឲ្យអ្នកជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់
*មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ធម្មតាបានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណា ដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ ៥៥% បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់។
លោកក៏ជម្រាបជូនអង្គសិក្ខាសាលាទាំងមូលមេត្តាជ្រាបថា វិធានការចម្បង ២ដែលក្រុមការងារបរិស្ថានគ្មានផ្សែងបារីប្រកាន់យកគឺ៖ វិធានការអប់រំ និងវិធានការរដ្ឋបាល។ បច្ចុប្បន្នយើងបាន និងកំពុងអនុវត្តនូវវិធានការទី១ គឺវិធានការអប់រំ ដោយបានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និងរៀបចំបោះសំភារៈផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់យកចិត្តទុកដាក់គោរពអនុវត្តតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ។
ក្រោមឆ័ត្រនៃច្បាប់នេះ យើងមានអនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់, អនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ព្រមទាំងប្រកាស សារាចរផ្សេងៗថែមទៀត។
ក្រសួងទេសចរណ៍ក៏បានរៀបចំ សៀវភៅណែនាំ ស្តីពី បរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា លេខ០០៧សណន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចែកជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ឲ្យបានជ្រួតជ្រាបនិងយល់ដឹងគោរពទៅតាមការណែនាំនេះឲ្យបានល្អប្រសើរផងដែរ។ វិធានការទី២ ដែលនឹងត្រូវអនុវត្តបន្តជាវិធានការរដ្ឋបាល គឺការផាកពិន័យចំពោះបុគ្គលអ្នកជក់នៅទីកន្លែងហាមឃាត់ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យគេជក់នៅទីតាំងរបស់ខ្លួន ការតាំងលក់ផលិតផលថ្នាំ ជក់ខុសពីការកំណត់ និងផាកពិន័យរហូតដល់ក្រុមហ៊ុនបារីដែលនាំនិងលក់ផលិតផលថ្នាំជក់គ្មានសារព្រមានជារូបភាព ផ្សាយពាណិជ្ជកម្មបារីខុសច្បាប់..។ល។ ការផាកពិន័យអន្តរការណ៍ នឹងធ្វើតាមប្រកាសអន្តរក្រសួងរវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្រុមអធិការកិច្ចក្រសួងសុខាភិបាល ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ផងដែរ។
លោកមានជំនឿយ៉ាងមាំថា តាមរយៈនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការរក្សាបាននូវសន្តិភាព និងសន្តិសុខសង្គម ទូទាំងប្រទេសដូចសព្វថ្ងៃនេះ កម្ពុជាសម្រេចបានលទ្ធផលថ្មីៗគួរជាទីមោទននៅក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយរក្សាបានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។
ដោយឡែក វិស័យទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា «មាសបៃតង» ក៏មានការរីកចម្រើន និងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ តាមរយៈការបង្កើតនិងបង្កើនឱកាសការងារ ការបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ និងធនធានធម្មជាតិ ជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋសហគមន៍មូលដ្ឋាន។
ក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦,២លាននាក់ កើនឡើងប្រមាណ១១% ជាមួយទេសចរក្នុងស្រុក ប្រមាណ១១,០៦លាននាក់ ដែលបាននាំចំណូលប្រមាណ ៤.៣៧៥លានដុល្លារ និងបានផ្តល់ឱកាសការងារដោយផ្ទាល់ជាង៦៣ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ថែមទៀត។ ដោយឡែក ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៣លាននាក់ កើនឡើង៩,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ជាមួយនឹងទេសចរកម្ពុជាចេញក្រៅប្រទេសចំនួនប្រមាណជាង ១,៧លាននាក់ កើនឡើង៤,០%។
តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលទេសចរអន្តរជាតិចំនួន ៧,៥លាននាក់នៅឆ្នាំ២០២0 និង១៥លាននាក់ នៅឆ្នាំ២០៣0។
ដើម្បីធានាបាននិរន្តរភាពនៃការរីកចម្រើនក្នុងវិស័យទេសចរណ៍ ក្រៅពីការខិតខំកែលម្អ និងលើកកម្ពស់ផលិតផលទេសចរណ៍ដែលមានស្រាប់ និងការច្នៃប្រឌិតបង្កើតផលិតផលទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍ក៏បានគិតគូរយកចិត្តទុកដាក់ដល់ផលប៉ះពាល់នានាលើវិស័យទេសចរណ៍ផងដែរ ជាក់ស្តែងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាគោលការណ៍មួយ ដែលក្រសួងទេសចរណ៍បានប្រកាន់ខ្ជាប់ ដើម្បីលើកកម្ពស់ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់ និងដើម្បីធានាឲ្យបានថា យើងកំពុងអភិវឌ្ឍវិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី សក្តិសមជាមាសបៃតងដែលបានចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាហ្វិកលើកទី៧ នៅខេត្តសៀមរាប ស្តីពី «ទីក្រុងគ្មានផ្សែងបារីធ្វើឲ្យទេសចរណ៍កាន់តែល្អប្រសើរ និងអភិរក្សបេតិកភណ្ឌយើង» ដែលមានគណៈប្រតិភូមកពីបណ្តាប្រទេសនានាចំនួន១៤ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សរុបចំនួន១៨៨នាក់បានចូលរួម។
កិច្ចប្រជុំនេះក៏បានលើកឡើងពី សារៈសំខាន់នៃការអភិវឌ្ឍន៍ វិស័យទេសចរណ៍ដោយគ្មានផ្សែងបារី ដោយបានធ្វើការចែករំលែកបទពិសោធន៍នៃការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅតាម បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការកំណត់ចក្ខុវិស័យរួមគ្នា ដើម្បីអនាគតមួយគ្មានផ្សែងបារី ១០០% សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លុះបញ្ចាំងឲ្យឃើញថាការលើកកម្ពស់វិស័យទេសចរណ៍គ្មានផ្សែងបារី គឺជាការងារសំខាន់មួយដែលត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ។
ក្នុងនាមក្រសួងទេសចរណ៍លោកសូមប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលសាលារាជធានី ខេត្ត យុវជន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំដែលពាក់ព័ន្ធនឹងបរិស្ថានគ្មានផ្សែងបារី បានដោយ ជោគជ័យ។ «ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ផ្នែកឯកជននៃវិស័យទេសចរណ៍ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមអនុវត្តសេចក្តីណែនាំស្តីពី បរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជានេះឲ្យបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព»៕