(កាណាដា)៖ លោក Slim KHALBOUS បន្តតំណែងលោក Jean-Paul De GAUDEMAR ជាសាកលវិទ្យាធិការ នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ទីភ្នាក់ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។

លោក Slim KHALBOUS ជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រគ្រប់គ្រង និងជារដ្ឋមន្ត្រីអប់រំឧត្តមសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសទុយនីស៊ី ក្នុងអំឡុងពេលពីខែសីហា២០១៦ និងខែធ្នូ២០១៩ ហើយបានក្លាយជាសាកលវិទ្យាធិការ នៃទីភ្នាក់ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងដោយ ក្រុមប្រឹក្សាភិបាលនៃ AUF សំរាប់អាណត្តិ៤ឆ្នាំ ហើយអាចបន្តបានមួយអាណត្តិទៀត។ លោកសាស្ត្រាចារ្យ នឹងដឹកនាំគ្រប់គ្រងប្រតិបត្តិការទូទៅនៃទីភ្នាក់ងារនេះ។

លោក Slim KHALBOUS ធ្លាប់ដឹកនាំក្នុងពេលតែមួយក្រសួងអប់រំ (ការសិក្សាកំរិតបឋមសិក្សានិងមធ្យមសិក្សា) ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០១៨។ លោកបង្រៀនតាំងពីឆ្នាំ១៩៩៥ នៅក្នុងសាកលវិទ្យាល័យ នៃប្រទេសទុយនីស៊ីជាច្រើន និងជាសាស្ត្រាចារ្យដែលមានការអញ្ជើញពីសាកលវិទ្យាល័យនៃប្រទេសបារាំង ប្រទេសម៉ារ៉ុក និងប្រទេសលីបង់។ លោកធ្លាប់ជាអគ្គនាយក ជាព្រឹទ្ធិបុរសជាប់ឆ្នោត នៃសាកលវិទ្យាល័យ HEC Tunis - Université de Carthage ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦។

លោកទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រគ្រប់គ្រង (នៅឆ្នាំ២០០០) បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសហគ្រាសពីសាកលវិទ្យាល័យទូលូ ប្រទេសបារាំង (ឆ្នាំ១៩៩៤) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយនៃវិទ្យាស្ថានសិក្សានយោបាយនៃទីក្រុងទូលូ Institut d’Études Politiques de Toulouse (ឆ្នាំ១៩៩៦)។

លោក Slim KHALBOUS បានបោះពុម្ភផ្សព្វផ្សាយអត្ថបទជាច្រើនក្នុងវិស័យគ្រប់គ្រងអន្តរវប្បធម៌ ភាពជាសហគ្រិន និងទំនាក់ទំនងទីផ្សារ។ លោកក៏ជាសកម្មជននៃសមាគមន៍វិទ្យាសាស្ត្រជាច្រើន និងសង្គមស៊ីវិលផងដែរ។ លោកធ្លាប់ជាស្ថាបនិក និងនិពន្ធនាយកនៃទស្សនាវដ្តីទីផ្សាររបស់ទុយនេស៊ី (Revue Tunisienne du Marketing)។ លើសពីនេះលោក Slim KHALBOUS ជាសហគ្រិន និងស្ថាបនិកក្រុមហ៊ុនចំនួនពីរក្នុងវិស័យអភិវឌ្ឍន៍យុទ្ធសាស្ត្រ ការសិក្សាទីផ្សារ និងទំនាក់ទំនងនិងព័ត៌មានវិទ្យា។

លោកបន្តតំណែងពីលោក Jean-Paul De GAUDEMAR ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលកាន់តំណែងដឹកនាំ AUF ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ មុននេះលោកធ្លាប់ជាទីប្រឹក្សាពិសេសអមរដ្ឋលេខាធិការ នៃក្រសួងអប់រំឧត្តមសិក្សា និងស្រាវជ្រាវនៃប្រទេសបារាំង លោកស្រី Geneviève FIORASO, បន្ទាប់មកលោកស្រី Najat VALLAUD-BELKACEM និងលោក Thierry MANDON, ក្រោយពីក្លាយជាទីប្រឹក្សានាយករដ្ឋមន្ត្រីបារាំងលោក Jean-Marc AYRAULT ពីឆ្នាំ២០១២ ដល់២០១៤។ លោកក៏ជាប្រធានប្រតិភូនគររូបនីយកម្ម និងសកម្មភាពតំបន់ ជាសាកលវិទ្យាធិការអប់រំ នៃទីក្រុងស្ត្រាសបួរ Strasbourg (១៩៩១-១៩៩៧) ទីក្រុងទូលូ Toulouse (១៩៩៧-២០០០) និងទីក្រុង អិចម៉ាកសី Aix-Marseille (២០០៤-២០១២) និងនាយកអប់រំមធ្យមសិក្សានៃក្រសួងអប់រំជាតិ(២០០០-២០០៤)។

ក្នុងពិធីប្តូរតំណែងរវាងសាកលវិទ្យាធិការទាំងពីររូប ក្រោមអធិបតីភាពរបស់ប្រធាន AUF លោក Sorin Mihai CIMPEANU ដែលបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យម៉ុងរ៉េអាល់ ដែលជាទីស្នាក់ការកណ្តាលរបស់ AUF។ ចាប់តាំងពីការបង្កើតទីភ្នាក់ងារនេះមកម្ល៉េះលោក Slim KHALBOUS បានមានប្រសាសន៍ថា៖ «ខ្ញុំសូមគោរពដឹងគុណចំពោះសហការីខ្ញុំ Jean-Paul ដែលបានបញ្ចូលស្មារតីរបស់ទីភ្នាក់ងារយ៉ាងល្អឥតខ្ចោះក្នុងអាណត្តិរបស់គាត់។ ដោយគុណូបការៈរបស់លោក និងក្រុមការងារ AUF បានរក្សានូវភាពទាក់ទាញរបស់ខ្លួនដោយទទួលបាន សមាជិកជិត១០០០គ្រឹះស្ថានក្នុងឆ្នាំ២០១៩។ ទីភ្នាក់ងារក៏បានអនុម័ត និងចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តប្រកបដោយមហិច្ឆតាឆ្នាំ ២០១៧-២០២១ សម្រាប់ការអភិវឌ្ឍការប្រើប្រាស់ភាសាបារាំង នៅសាកលវិទ្យាល័យ»។

លោក Slim KHALBOUS បានបង្ហាញនូវឆន្ទៈរបស់លោកថា «នឹងបន្តជាមួយក្រុមការងារនៃទីភ្នាក់ងារក្នុងការបង្កើតស្នាដៃយុទ្ធសាស្ត្រនេះ និងបង្កើតយុទ្ធសាស្ត្រថ្មីសំរាប់រយៈពេល២០២១-២០២៤។ យុទ្ធសាស្រ្តដែលគួរតែអនុញ្ញាតឱ្យ AUF បញ្ជាក់ពីការផ្លាស់ប្តូរកម្រិតរបស់ខ្លួនដើម្បីក្លាយជាតួអង្គសំខាន់នៅក្នុងលំហរ នៃការប្រើប្រាស់ភាសាបារាំងទាក់ទង នឹងការអភិវឌ្ឍចំណេះដឹងនិងជំនាញនៅលើពិភពលោក។ លោកមានគោលបំណងដើម្បីអភិវឌ្ឍបន្ថែមទៀតលើប្រធានបទអន្តរទីភ្នាក់ងារនិងការប្រើប្រាស់ភាសាបារាំង និយាយជារួមគឺឌីជីថល ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ ភាពទទួលបានការងារ ការបង្កើតថ្មី និងស្មារតីសហគ្រិន។ នៅទីបំផុត គឺផ្តោតលើការធ្វើឲ្យ AUF ក្លាយជាសេវាកម្មប្រកបដោយភាពទាក់ទាញសំរាប់ការប្រើប្រាស់ ភាសាបារាំង នៅតាមសាកលវិទ្យាល័យ សំរាប់ការសិក្សាវិទ្យាសាស្ត្រ និងសំរាប់ការសិក្សាជំនាញរបស់យុវជនទូទាំងពិភពលោក»

ប្រធាន AUF លោក Sorin Mihai CIMPEANU បានថ្លែងអំណរគុណសាកលវិទ្យាធិការចប់តំណែង និងអបអរសាទរសាកលវិទ្យាធិការថ្មីដែលត្រូវបានជាប់ឆ្នោតជ្រើសរើស និងបានជូនពរលោកឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បង្កើតឡើងជិត ៦០ឆ្នាំមកហើយ។ AUF ជាសមាគមអន្តរជាតិនៃគ្រឹះស្ថានឧត្តមសិក្សា និងមជ្ឈមណ្ឌលស្រាវជ្រាវ ចំនួន៩៩០ជាសមាជិក មានវត្តមាននៅក្នុងប្រទេសចំនួន១១៨។

AUF មានបេសកកម្មលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅឧត្ដមសិក្សាប្រកបដោយសាមគ្គីភាព និងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌សង្គម។ អង្គការនេះជួយជ្រោមជ្រែងគ្រឹះស្ថានជាសមាជិករបស់ខ្លួន ដើម្បីរំលេចនូវបញ្ហាប្រឈមធំៗទាំងឡាយ៖ គុណភាពនៃការបណ្តុះបណ្តាល គុណភាពនៃការស្រាវជ្រាវ និងអភិបាលកិច្ច ការបញ្ច្រៀបក្នុងជាអាជីពការងារ និងភាពទទួលបានការងារធ្វើរបស់យុវជនដែលបានបញ្ចប់ការសិក្សា ជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ជារួមនៃសង្គម៕