(សៀមរាប)៖ កម្ពុជា និងសាធារណរដ្ឋហ្វីលីពីន បានបើកកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដោយលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារ អន្តរជាតិ ព្រមជាមួយនឹងមន្ត្រីពាក់ព័ន្ធ។ រីឯគណៈប្រតិភូហ្វីលីពីន ដឹកនាំដោយលោកស្រី Antonette Tionko អនុរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញ វត្ថុហ្វីលីពីន។
កិច្ចចរចា បានប្រព្រឹត្តទៅក្រោមបរិយាកាស រីករាយស្និទ្ធស្នាល និងការយោគយល់គ្នាខ្ពស់ ក្នុងគោលបំណងរួមមួយ គឺការបញ្ចប់កិច្ចចរចាដោយជោគជ័យ។ ភាគីទាំងពីរ បានពិភាក្សាលម្អិតលើគ្រប់មាត្រាទាំងអស់ ដែលនៅសល់ពីការចរចាជុំទី១ និងជាលទ្ធផល បានឯកភាពទាំងស្រុងលើមាត្រាមួយចំនួនធំ នៃកិច្ចព្រមព្រៀង។ សម្រាប់មាត្រា ដែលនៅសេសសល់ មិនទាន់មានការឯកភាព ភាគីទាំងពីរ នឹងបន្តសិក្សា ឬស្នើសុំការសម្រេចពីថ្នាក់លើរៀងៗខ្លួន ដើម្បីបន្តការចរចា ឈានទៅបញ្ចប់ទាំងស្រុងឲ្យបានឆាប់៕