(ភ្នំពេញ)៖ ជនសង្ស័យមួយក្រុម ដែលជនរងគ្រោះអះអាងថាជាជនជាតិចិនមានប្រដាប់ដោយកាំបិត បានបើករថយន្តកៀររ៉ឺម៉កកង់បី ប្លន់យកកាបូបពីភេទទី៣ម្នាក់ និងចាក់បុរសជនជាតិចិនម្នាក់ បណ្ដាលឲ្យរបួសដៃ នៅវេលាម៉ោង២យប់ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ ចំណុចមុខផ្សារទំនើបអ៊ីជៀ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើករ៉ឺម៉កកង់បីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកបុរសជនជាតិចិនម្នាក់ និងនារីភេទទី៣ ជនជាតិវៀតណាមម្នាក់ ដែលធ្វើដំណើរចេញពីណាហ្គា២ ឆ្ពោះទៅទីតាំងកន្លែងកើតហេតុ លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ តាមបណ្ដោយផ្លូវ២៤២ មុខផ្សារទំនើបអ៊ីជៀ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ខ្មៅគ្មានស្លាកលេខ បានបើកកៀររ៉ឺម៉កកង់បីរបស់គាត់ ដែលពាក់ស្លាកលេខ ភ្នំពេញ 1HW-1061ឲ្យឈប់។
ភ្លាមៗគាត់បានឈប់រ៉ឺម៉កកង់បី ស្រាប់តែមានបុរសបីនាក់មានមាឌធំ បានចុះពីរថយន្ត និងមានពាក់ស្រោមមុខពណ៌ខ្មៅជិតមុខដៃកាន់កាំបិត បានធ្វើសកម្មភាពយកកាំបិតមកភ្ជង់ជនរងគ្រោះជានារីភេទទី៣ ខាងលើប្លន់យកកាបូប ភ្លាមៗនោះជនជាតិចិន ដែលរួមដំណើរជាមួយបានស្ទុះ ទៅចាប់កាបូបពីជនសង្ស័យ ក៏ត្រូវជនសង្ស័យខាងលើ បានចាក់មួយកាំបិតត្រូវដៃបណ្ដាលឲ្យរងរបួសធ្លាក់ពីរ៉ឺម៉កកង់បីប្រតាយប្រតប់គ្នា ចំណែកឯអ្នកបើករ៉ឺម៉កកង់បី ឃើញដូចនេះក៏ព្យាយាមបើករ៉ឺម៉ករត់គេចចេញពីកន្លែងកើតហេតុ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មកគាត់បានឃើញជនសង្ស័យទាំងបីខាងលើ រត់ឡើងជិះរថយន្ដបើកគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។ រីឯបុរសជនជាតិចិន ដែលរងរបួសខាងក៏បានរត់គេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុផងដែរ។
សូមបញ្ជាក់ផងដែរថា សម្ភារៈក្នុងកាបូបរបស់នារីភេទទីបីខាងលើ ដែលបាត់បង់មានលុយចំនួន៤០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និងលិខិតឆ្លងដែនមួយរួមទាំងសម្ភារៈមួយចំនួនទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បាននាំជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចតាមស្វែងរកដើម្បីតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់៕