(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានសម្ដែងនូវការថ្លែងអំណរគុណចំពោះភាគីកម្មករនិយោជិត (សហជីព) សមាគមនិយោជក អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដែលកន្លងមកតែងតែបានចូលរួមក្នុងសកម្មភាពនានាជាមួយក្រសួងការងារ ក្នុងការធានាឱ្យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ទទួលបាននូវសុខដុមរមនាប្រកបដោយវឌ្ឍនភាព។
ការអះអាងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង ត្រូវបានធ្វើឡើងនាឱកាសដែលក្រសួងការងារ អង្គការ ILO សមាគមនិយោជក សហជីព និងស្ថាប័នពាក់ព័ន្ធ រៀបចំពិធីពិសាអាហារពេលល្ងាចជុំគ្នា ដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការ ILO នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះភាគីកម្មករនិយោជិត និងភាគីនិយោជក ដែលតែងតែបានចូលរួមយ៉ាងសកម្មក្នុងយន្តការត្រីភាគីនានា សំដៅធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវីជ្ជាជីវៈនៅកម្ពុជា។
ចំណែកឯអង្គការ ILO ក៏ជាដៃគូកិច្ចសហប្រតិបត្តិការដ៏ល្អដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីក៏បានចាត់ទុកកម្មវិធីពិសាអាហារនាពេលនេះ ជាកម្មវិធីនៃការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទាំងអស់គ្នាផងដែរ។
គួរបញ្ជាក់ថា ក្នុងឱកាសអបអរសាទរខួបទាំងពីរនេះ គេក៏មានរៀបចំកម្មវិធី និងសកម្មភាពសំខាន់ៗ ដូចជា៖
* ពិធីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការ ILO ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។
* ព្រឹត្តិការណ៍ Fun Run ចំនួន២លើក គឺនៅមុខព្រះបរមរាជវាំង និងនៅសៀមរាបអង្គរ។
* កិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់ប្រទេសកម្ពុជា។
* វគ្គបណ្តុះបណ្តាលស្តីពីច្បាប់ស្តីពីសហជីព និងនីតិវិធីនៃការដោះស្រាយវិវាទការងារ សម្រាប់មន្ត្រីទទួលបន្ទុកការដោះស្រាយវិវាទការងារ និងចុះបញ្ជីអង្គការវិជ្ជាជីវៈ និងសហជីព
* សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហជីព។
* វគ្គបណ្តុះបណ្តាលស្តីពីច្បាប់សហជីព និងនីតិវិធីនៃការដោះស្រាយវិវាទការងារសម្រាប់មន្ត្រី។
* វគ្គបណ្តុះបណ្តាលផ្នែកច្បាប់វគ្គទី១ ដល់តំណាងសហជីព។
* វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី សិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធីចំនួន ៥វគ្គ។
* ទិវាជាតិស្ដីពីសុវត្ថិភាព និងសុខភាពការងារ៕