(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះទ័យត្រាស់បង្គាប់តែងតាំង លោក សុខ សុក្រឹត្យា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី។
យោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា ការត្រាស់បង្គាប់តែងតាំងរបស់ព្រះមហាក្សត្រខ្មែរ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។ សូមបញ្ជាក់ថា លោក សុខ សុក្រឹត្យា ជាកូនប្រុសរបស់លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
បច្ចុប្បន្ន លោក សុខ សុក្រឹត្យា មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោក សុក្រឹត្យា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ, អនុបណ្ឌិតផ្នែកគ្រប់គ្រង, អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយ និងអនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនងពីប្រទេសថៃ។ លោក បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកកិច្ចការសាធារណៈពីសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិកផងដែរ៕