(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា (Expressway) គឺស្របទៅនឹងសមាហរណកម្ម ក្នុងតំបន់អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល ដែលនឹងជួយតភា្ជប់បណ្តាញដឹកជញ្ជូន ក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត។
តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ផ្លូវល្បឿនលឿននេះ ក៏នឹងលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជា ឲ្យសមស្របទៅតាម ការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម ព្រមទាំងជួយបង្កើននូវតុល្យភាព នៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញ ជាមួយទីរួមខេត្តនានា និងជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅកាន់ពិភពលោកទៀតផង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ទៀតថា ចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញមក ល្បឿននៃការកសាងប្រទេសជាតិ ក៏កាន់តែដើរលឿនទៅមុខ។ ក្នុងមួយរយៈពេលដ៏ខ្លីចុងក្រោយនេះ គឺកម្ពុជាបានសាងសង់ហេដ្ធារចនាសម្ព័ន្ឋជាច្រើនមានផ្លូវ ថ្នល់តូចធំ និងស្ពានកាត់ទន្លេ និងស្ពានអាកាសជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំនៅពាសពេញប្រទេសកម្ពុជា។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះការសាងសង់ «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» គឺកំពុងដំណើរការយ៉ាងសកម្ម ដែលមកទល់ខែធ្នូ ២០១៩នេះ គឺសម្រេចបានជាង៧% ហើយ ដែលគ្រោងសាងសង់ឲ្យរួចជាស្ថាពរនៅឆ្នាំ២០២២ មុនប្រារព្ធបើកកីឡាស៊ីហ្គេម (Sea Games) ជាប្រវត្តិសាស្រ្តនៅកម្ពុជា ក្នុងឆ្នាំ២០២៣។
ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូន បានល្អលឿនរហ័ស ទាន់ពេល និងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតា ដែលជាមូលដ្ឋានដ៏សំខាន់បំផុត សម្រាប់បម្រើអោយវិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ក្នុងកម្រិតអន្តរជាតិផងដែរ។
គួរជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។
* ឃឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
គម្រោងខាងលើត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣៕