(ក្រចេះ)៖ កម្លាំងចម្រុះក្រោមបញ្ជាពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ ដឹកនាំដោយលោក ជា សុភក្រ័ ព្រះរាជអាជ្ញារង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្រ្កាបរថយន្ដសាំងយុង កែច្នៃដឹកឈើចំនួន ៣គ្រឿង ដែលលាក់ទុកក្នុងព្រៃខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។
មន្រ្តីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា កម្លាំងចម្រុះដែលចូលរួមបង្រ្កាបរួមមាន ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ កម្លាំងអាវុធហត្តក្រុងក្រចេះ ព្រមទាំងលោកព្រះរាជអាជ្ញារងផងដែរ។
មន្រ្តីរូបនោះ បន្តទៀតថា ប្រតិបត្តការនេះបង្រ្កាបបានរថយន្ដសាំងយ៉ុងកែច្នៃដឹកឈើប្រភេទគ្រឿងផ្ទះ ចំនួន៣គ្រឿង ដែលលាក់ទុកក្នុងព្រៃក្រោយផ្ទះប្រជាពលរដ្ឋ តែមិនស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះទេ ព្រោះមិនមានអ្នកនៅក្បែររថយន្ដនោះ។ លោកបន្ថែមថា ប្រហែលជារត់អស់មុនពេលកម្លាំងចុះទៅដល់។
បច្ចប្បុន្នឈើ និងរថយន្ដទាំង៣គ្រឿងនោះ ត្រូវកម្លាំងនាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕