(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីជា លើក១នៃឆ្នាំទី២ក្រោមប្រធានបទ «វិស័យកំពង់ផែនៅកម្ពុជា៖ ឱកាស និងការប្រកួតប្រជែង» នៅអគារក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមជាអធិបតីពីលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងលោក HA Jong Weon អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីតំណាងក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនមូលបត្រ និងវិនិយោគិនជាច្រើនរូបទៀត។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មានសំខាន់ៗ របស់ក្រុមហ៊ុនចុះបញ្ជីទៅដល់វិនិយោគិន ដើម្បីជាជំនួយក្នុងការសម្រេចចិត្តវិនិយោគ ដែលរួមមានបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន អភិបាលកិច្ចសាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ គម្រោងអាជីវកម្មរយៈពេលខ្លី និងរយៈពេលវែងផងដែរ។
វេទិកានេះត្រូវបានរៀបចំរយៈពេលមួយព្រឹកពេញ ដោយមានការធ្វើបទបង្ហាញ ក៏ដូចជាកិច្ចពិភាក្សាដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីតំណាងគណៈកម្មការមូលបត្រកម្ពុជា កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី ឥណ្តូឆៃណា ស៊ីឃ្យួរឹធី និងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី។
តាមរយៈវេទិកានេះ វាគ្មិនដែលអញ្ជើញមកពីកំពង់ផែទាំងពីរ បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពអាជីវកម្មរបស់ខ្លួន និងបានបកស្រាយលើទិដ្ឋភាពទូទៅ នៃអាជីវកម្មកំពង់ផែនៅក្នុងប្រទេសកម្ពុជា ឱកាស និងការប្រកួតប្រជែងអាជីវកម្ម នៅក្នុងវិស័យកំពង់ផែ និងជាពិសេសការបង្កើនសមត្ថភាពអាជីវកម្មរបស់ខ្លួន ក្នុងការក្តោបយកឱកាស និងត្រៀម ខ្លួនក្នុងការប្រកួតប្រជែងអាជីវកម្មនាពេលអនាគត៕