(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះកម្ពុជាទទួបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
លោកស្រីថា ដោយឆ្លងកាត់កំណែទម្រង់ជាច្រើន ជាពិសេសកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេស កាន់តែមានភាពប្រសើរឡើង ដែលអាចឈានឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យលោក និងគណៈប្រតិភូវៀតណាម ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនោះ លោក ជឿង ហ័រប៊ីញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឲ្យលោកបានជួបសម្ដែងការគួរសម ក្នុងឱកាសដែលលោក មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីពង្រឹងលើវិស័យអធិការកិច្ច វិស័យការពារជាតិ វិស័យយុត្តិធម៌ និងវិស័យជាច្រើនទៀត។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាជាប្រទេសដ៏ស្រស់បំព្រង ដែលគួរឲ្យចង់រស់នៅ និងស្នាក់អាស្រ័យ»។ ក្នុងន័យនេះ លោកក៏បានកោតសសើរសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចបានយ៉ាងល្អ ដែលការអភិវឌ្ឍទាំងនោះ គឺមិនអាចកាត់ផ្តាច់បានទេ ពីចំណងសហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
លោកស្រី ម៉ែន សំអន ក៏បានចូលរួមអបអរសាទរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជាប់ឆ្នោតជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២០-២០២១ ដែលបញ្ជាក់ពីការគាំទ្ររបស់ពិភពលោកចំពោះតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វៀតណាមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាតំបន់ និងពិភពលោក។
ជាទីបញ្ចប់លោកស្រី ក៏បានជូនពរឲ្យគណៈប្រតិភូទទួលបាននូវការស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងបេសកកម្មនៅកម្ពុជា៕