(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទមួយស្ដីពី អេកូតិចណូឡូជី រវាងកម្ពុជា-ជប៉ុន ដើម្បីរកផលប៉ះពាល់អវិជ្ជមាន ដែលកើតឡើង ក្រោយសេដ្ឋកិច្ចលើវិស័យវិទ្យាសាស្ត្ររីកចម្រើន និងរួមគ្នាពិភាក្សារកដំណោះស្រាយ លើបញ្ហាដែលកើតមាន មួយវិញទៀតដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងជប៉ុនផងដែរ។
សន្និសីទនេះធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានការចូលរួមពីលោក ទូច វិសាលសុខ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក Hiroto ISHIDA ប្រធានគ្រប់គ្រងគម្រោង Honda និងអ្នកពាក់ព័ន្ធនៅក្រសួង និងសិស្សនិស្សិតជាច្រើនទៀតផងដែរ។
លោក ជេត ជាលី បានបញ្ជាក់ពីគោលបំណងសន្និសីទនេះថា ទី១៖ ដើម្បីឲ្យអ្នកវិទ្យាសាស្រ្ដខាងភូមិន្ទភ្នំពេញ បានជួបជាមួយនឹងអ្នកវិទ្យាសាស្រ្តដទៃទៀត ជាពិសេសជាមួយក្រុមហ៊ុន Honda ថាតើនៅពេលដែលវិទ្យាសាស្ត្ររីកចម្រើនបែបនេះ តើមានផលប៉ះពាល់អ្វីខ្លះដល់មនុស្សព្រោះថា នៅពេលដែលវិទ្យាសាស្រ្តរីកចម្រើន និងសេដ្ឋកិច្ចកើនឡើង។ អ្នកទាំងអស់គ្នាពិតជាដឹងហើយថា នៅពេលដែលវិទ្យាសាស្រ្តរីកចម្រើន គឺពិតជាមានផលវិជ្ជមាន និងការងាយស្រួលច្រើន ប៉ុន្ដែក៏វានាំឲ្យជីវិតរបស់មនុស្សមានគ្រោះថ្នាក់ច្រើនផងដែរ។ ទី២ ក្រោយពីរកឃើញនូវផលប៉ះពាល់ហើយ អ្នកវិទ្យាសាស្ត្ររបស់យើង ក៏ដូចជាអ្នកវិទ្យាសាស្ត្រជប៉ុន នឹងពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយឆ្លើយតប និងផលប៉ះពាល់ទាំងអស់នេះ។
លោកបានបញ្ជាក់ទៀតថា ទី៣៖ គឺដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងជប៉ុន ដូចយើងដឹងហើយដែលថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាកន្លែងទីតាំងរបស់មជ្ឈមណ្ឌលសហប្រត្តិបតិការរវាងកម្ពុជា និងជប៉ុន។
លោក Hiroto ISHIDA ប្រធានគ្រប់គ្រងគម្រោង Honda បានបញ្ជាក់ថាកម្មវិធីនេះមានសារៈសំខាន់ណាស់ លើការជំរុញវិទ្យាសាស្ត្រ និងលើវិស័យបច្ចេកវិទ្យារវាងកម្ពុជា-ជប៉ុន និងដើម្បីពង្រឹងមិត្តភាពកម្ពុជា និងជប៉ុន មួយវិញទៀត គឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានិងគ្នាទៅវិញទៅមក ហើយលោកក៏នឹងនាំយកនូវបទពិសោធន៍ថ្មីៗ ដែលរកឃើញនៅក្នុងកម្មវិធីនេះ ត្រឡប់ទៅជប៉ុនវិញផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីសន្និសីទ អេកូតិចណូឡូជី រវាងកម្ពុជា-ជប៉ុន ដើម្បីបង្ហាញនូវបទពិសោធន៍ថ្មីៗ ដែលខាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនឹងខាងអ្នកវិទ្យាសាស្ត្រជប៉ុនពិភាក្សាគ្នារកឃើញ សម្រាប់ដោះស្រាយនូវផលប៉ះពាល់អវិជ្ជមាន លើវិស័យវិទ្យាសាស្ត្រដែលកំពុង និងមានការរីកចម្រើនផងដែរ៕