(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានគ្រោះថ្នាក់ចំពោះមនុស្សគ្រប់វ័យ-ភេទក្នុងសង្គម ហើយគ្រោះថ្នាក់ជាញឹកញាប់ ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្ដរប្រវេសន៍ ដែលស្វែងរកការងារ និងប្រាក់ចំណូលនៅទីឆ្ងាយដែលខ្លួនរស់នៅ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៣ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា រៀងរាល់ឆ្នាំមនុស្សរាប់សែន រាប់លាននាក់ ត្រូវបានបំផ្លាញដោយឧក្រិដ្ឋជនជួញដូរមនុស្ស នៅគ្រប់ទីកន្លែងក្នុងពិភពលោក។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃកម្ពុជា បានអះអាងទៀតថា នៅពេលនេះជនល្មើសបានរកគ្រប់ល្បិចកលដ៏ស្មោកគ្រោក ពង្រាយបណ្ដាញធ្វើសកម្មភាពកេងប្រវ័ញ្ច ជនរងគ្រោះនៅគ្រប់តំណាក់កាល ទាំងដោយផ្ទាល់ និងប្រយោលតាមរយៈបណ្ដាញទំនាក់ទំនងអនឡាញ ឬតាមបច្ចេកវិទ្យាទំនើបដែលប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កុមារ និងមនុស្សពេញវ័យនិយមប្រើប្រាស់ គឺទូរស័ព្ទដៃ និងប្រព័ន្ធអ៉ីនធ័រណេត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្ត បន្ដប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលដៅការពារ និងលើកកម្ពស់សុវត្ថិភាពរបស់មនុស្សគ្រប់រូប និងសន្ដិសុខសង្គម ក៏ដូចជាលើកម្ពស់ការគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍របស់មនុស្សគ្រប់រូប ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្ស។
សម្ដេចក្រឡហោម ស ខេង បានសង្កត់ធ្ងន់ថា បេសកកម្មរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺត្រូវតែបន្ដធ្វើឲ្យកាន់តែសកម្ម អនុវត្តនូវវិធានការច្បាប់ឲ្យកាន់តែងម៉ឺងម៉ាត់ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ឆ្នាំ២០១៩-២០២៣ ឲ្យបានសម្រេច តាមគោលដៅគ្រោងទុក។ រាជរដ្ឋាភិបាលត្រូវការការចូលរួមពីក្រសួង ស្ថាប័នជាសមាជិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ សង្គមស៉ីវិល និងវិស័យឯកជនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកិច្ចសហការល្អជាមួយប្រទេសពាក់ព័ន្ធ នៅក្នុងតំបន់ និងក្នុងពិភពលោក។
សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា កម្ពុជាបាននិងកំពុងខិតខំជំរុញ អនុវត្ដគោលការណ៍ទាំងឡាយដែលមានចែងក្នុងកតិកាសញ្ញាពិភពលោក «ស្ដីពីទេសន្ដរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់» ដែលហៅកាត់ថា GCM និងជំរុញបន្ថែមទៀតនូវការអនុវត្តអនុសញ្ញាអន្ដរជាតិ «ស្ដីពីការប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង» និងពិធីសារបន្ថែម «ស្ដីពីការដាក់ទោសទណ្ឌអំពើជួញដូរមនុស្ស» អនុញ្ញាអាស៊ាន និងផែនការសកម្មភាពស្ដីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស-អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ដែលកម្ពុជាជាហត្ថលេខី និងច្បាប់ជាតិ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឲ្យម៉ឺងម៉ាត់៕