(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិឫស្សីកែវ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាងឧត្តមសេនីយ៍ឯក Igor Viktorovich MISHU TKIN ប្រធានសាកលវិទ្យាល័យយោធា នៃក្រសួងការពារជាតិ នៃសហព័ន្ធរុស្សី និងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិកម្ពុជា បន្ទាប់ពីកិច្ចប្រឹងប្រែងរបស់ភាគីទាំងពីរ ដោយអនុវត្តតាមចំណងមិត្តភាពរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ជាពិសេសការទទួលបានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសហព័ន្ធរស្សី និងពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានគិតគូរពីផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនក្នុងវិស័យការពារជាតិ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឧត្តមសេនីយ៍ Igor Viktorovich MISHU TKIN ប្រធានសាកលវិទ្យាល័យការពារជាតិ នៃសហព័ន្ធរុស្សី និងគណៈប្រតិភូ ដែលបានបានជម្រុញចំណងមិត្តភាពនិងកិច្ច សហប្រតិបត្តិការរវាងសាកល វិទ្យាល័យការពារជាតិយើងទាំងពីរ ឈានដល់ការចុះ MoU ជាមួយគ្នា។
សហព័ន្ធរុស្សី កាលណោះអតីតសហភាពសូវៀត បានឧបត្ថម្ភគាំទ្រកម្ពុជា យ៉ាងពេញទំហឹងដល់កម្ពុជា។ ជាការពិតណាស់ ក្រោយជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ដោយមានការឧបត្ថម្ភគាំទ្រ មានសហភាពសូវៀតជាសរសរទ្រូងដ៏រឹងមាំ ធ្វើឲ្យយើងទប់ស្កាត់បានការប៉ុនប៉ងរបស់របបប្រល៍យពូជសាសន៍ រហូតកិច្ចព្រមព្រៀងប៉ារីសឆ្នាំ១៩៩១ ការបោះឆ្នោត សាកលឆ្នាំ១៩៩៣ សង្គ្រាមនៅតែបន្ត រហូតឆ្នាំ១៩៩៨ ទើបបញ្ចប់បានដោយនយោបាយឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន។
បុណ្យជាតិដ៏ធំមួយដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគឺ ខួប២១ឆ្នាំ នៃនយោបាយ ឈ្នះ ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបញ្ចប់នូវសង្គ្រាម រ៉ាំរ៉ៃជាង ៣ទសវត្ស នាំមកនូវសុខសន្តិភាព ពេញលេញ បង្កបានជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យមកដល់ថ្ងៃនេះ។
កត្តាសន្តិភាពនេះហើយ ជាឱកាសមាស ក្នុងការបណ្តុះបណ្តាល ហ្វឹកហ្វឺន ដែលនៅទីនេះការកសាង ពង្រឹងសាកលវិទ្យាល័យការពារជាតិ ក្នុងគោលដៅសំខាន់២គឺ៖
*ទី១ ៖ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ
*ទី២ ៖ ជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈនយោបាយការពារជាតិចំទិស ស្របតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»។
ពោលគឺបណ្តុះនាយទាហានឲ្យក្លាយជាកងទ័ពម្នាក់មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិ មាតុភូមិ ចូលរួមថែរក្សា សន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដោយការប្តេជ្ញាខាងលើនេះហើយ ទើបមួយឆ្នាំ២០១៩នេះ សាកលវិទ្យាល័យការពារជាតិ បានបណ្តុះ បណ្តាល ១៦វគ្គមាននិស្សិតចូលរៀន ១.០១៩នាក់ លើសផែនការកំណត់ មានសិស្សបរទេសមក សិក្សាភាសាខ្មែរ ៨៨ នាក់ ក្នុងនោះមកពីសហព័ន្ធរុស្សី ២នាក់ ផងដែរ។
ឧត្តមសេនីយ៍ឯក Igor Viktorovich MISHU TKIN បានសម្តែងនូវក្តីរីករាយ រំភើបនិងអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការរីកចម្រើនលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជាមានការរីកចម្រើនលើសពីអ្វីដែលលោកបានរំពឹងទុក។
លោកបានបន្តថា កម្ពុជាមានរបស់មានតម្លៃមិនអាចកាត់ថ្លៃបាននោះគឺបទពិសោធន៍នៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដោយ នយោបាយឈ្នះ!ឈ្នះ! និងថែរក្សាការពារបានសន្តិភាព។ លោកពេញចិត្តនឹងទទួលយកសំណើរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា ជាពិសេសការអនុវត្ត MoU ដែលបានចុះហត្ថលេខា។
លើការផ្លាស់ប្តូរទស្សនកិច្ចដកបទពិសោធន៍ពីគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងនិស្សិតសិក្ខាកាម ព្រមទាំងបន្តជួយដល់ការបណ្តុះបណ្តាលយោធាចារ្យកម្ពុជា ក៏ដូចជាការជួយដល់ការបង្រៀនភាសារុស្សីនៅសាកលវិទ្យាល័យការពារជាតិ៕