(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្ដល់គោលការណ៍ឱ្យក្រសួងទេសចរណ៍ រៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកលើកទី១៥ នាឆ្នាំ២០២២ ខាងមុខនេះ ក្នុងនាមជាម្ចាស់ផ្ទះ និងជាសមាជិកក្លឹបឆ្នេរនេះ។
នាឱកាសមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកលើកទី១៥ នាអំលុងខែតុលា ឆ្នាំ២០១៩ នៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ា ប្រទេសជប៉ុនកម្ពុជាក៏ត្រូវបាន អង្គមហាសន្និបាតបោះឆ្នោតជាឯកច្ឆន្ទផ្តល់សិទ្ធិឱ្យធ្វើជាម្ចាស់ផ្ទះជាលើកទី២ ដើម្បីរៀបចំមហាសន្និបាតនេះផងដែរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំនៅឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ឆ្នេរសមុទ្រកម្ពុជាដែលគ្រប់ដណ្តប់លើខេត្តតំបន់ឆ្នេរទាំង៤ ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីឆ្នាំ២០១១។
បន្ទាប់ពីបានក្លាយជាសមាជិកក្លឹប និងបានឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងសំខាន់ៗក្នុងក្រុមប្រឹក្សាភិបាលក្លឹប ដូចជា៖
* អនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិ (២០១២-២០១៥)។
* បន្តកាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិទី២ (២០១៥-២០១៨)។
* អគ្គនាយករងក្លឹបសម្រាប់អាណត្តិ (២០១៨-២០២១)។
ទាំងនេះសបញ្ជាក់ឲ្យឃើញពីការគាំទ្ររបស់ស្ថាប័នអន្តរជាតិដ៏សំខាន់មួយនេះ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព ខណៈដែលក្លឹបឆ្នេរខាងលើនេះត្រូវបានដំឡើងកម្រិតទៅជា «អង្គការអន្តរជាតិឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក»។
ស្របជាមួយគ្នានេះដែរ ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និងការគាំទ្រពីក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលោក កម្ពុជាក៏បានទទួលសិទ្ធិពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក (UCI) ក្នុងការរៀបចំជាប្រវត្ដិសាស្ដ្រនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
គួរបញ្ជាក់ថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់។ បច្ចុប្បន្ន ក្លឹបមានទីស្នាក់ការនៅទីក្រុងវ្យែន ប្រទេសបារាំង និងមានឆ្នេរសមាជិកសរុបចំនួន ៤៤ឆ្នេរ មកពី២៤ប្រទេស៕