(បាត់ដំបង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយដៃគូពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបើកបរប្រកបដោយសុវត្ថិភាព វិធានជួយ សង្គ្រោះជនរងគ្រោះ និង ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង» ដល់សិស្សានុសិស្ស នៃវិទ្យាល័យនេតយ៉ង់ សរុបចំនួន ១៧០នាក់ នៅក្នុងខេត្តបាត់ដំបង។
លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី១២ ខែធ្នូនេះថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅគ្រឹះស្ថានសិក្សា ចំនួន ៣ទីតាំង រួមមាន វិទ្យាល័យនេតយ៉ង សាកលវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យUME ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ផងដែរ។
លោកបន្តថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារឲ្យមានការដោះស្រាយបន្ទាន់។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ លើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ ១,៣៥លាននាក់ជារៀងរាល់ឆ្នាំ។គ្រោះថ្នាក់ចរចរណ៍បានក្លាយជាបញ្ហាចម្បងទី១ក្នុងសកលលោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី៥ - ២៩ឆ្នាំ។ ប្រមាណ៥០% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រយានយន្ដ អ្នកថ្មើរជើង និងអ្នកជិះកង់។
លោកបន្តថា យុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាល ស្ដីពីការបើកបរម៉ូតូប្រកបដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងកត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់សិស្សនិស្សិត វិទ្យាល័យ និងសាកលវិទ្យាល័យតាមបណ្ដាដងផ្លូវសំខាន់ៗ គឺជាកិច្ចគាំទ្រដល់ការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចអោយបាននូវផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១១-២០២០សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើកនៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាល មកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធអទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយាន្ត ៣% និងងងុយ១%។ ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ៣២% ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០% គឺជាអ្នកបើកបរម៉ូតូ។
គិតត្រឹមខែតុលា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអ្នកស្លាប់ចំនួន១០០នាក់ និងរបួសធ្ងន់ធ្ងរចំនួន១២៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។ ដោយឡែកខេត្តបាត់ដំបង អ្នកស្លាប់ចំនួន១០១នាក់ (កើន១៥%) និងរបួសធ្ងន់ធ្ងរចំនួន១៧៧នាក់ផ្សេងទៀតផងដែរ៕