(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំយករថយន្តគិលានសង្គ្រោះ២គ្រឿង (Ambulance) ដែលជាអំណោយឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីទុកបំរើដល់ផលប្រយោជន៍ជូន ដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលបានឧត្ថម្ភអំណោយរថយន្តគិលានសង្គ្រោះ២គ្រឿងថ្មីស្រឡាងនេះ ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីទុកបំរើដល់ផលប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា «ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាលទាំងអស់ ក៏ដូចជាក្នុងនាមបុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈទាំងអស់ សូមសម្តែងនូវការគោរព ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលលោកទាំងទ្វេ តែងតែយកចិត្តទុកដាក់លើសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ហើយលោកទាំងទ្វេ តែងតែគិតគូរពីការអភិវឌ្ឍន៍ នៃវិស័យសុខាភិបាល របស់យើង ទន្ទឹមនឹងនេះនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចទាំងទ្វេ បានឧបត្ថម្ភអំណោយមកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នូវរថយន្តគិលានសង្គ្រោះ២គ្រឿងថ្មីស្រឡាង សមស្របទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ»។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា តាំងនាមមន្ត្រីសុខាភិបាល ក៏ដូចជាតំណាងឱ្យមន្ត្រីសុខាភិបាលទាំងអស់ សូមជូនពរឱ្យសម្តេចទាំង២ មានសុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ហើយទន្ទឹមនឹងនោះរថយន្ត គិលានសង្គ្រោះទាំង២នេះ អាចបំរើដល់ផលប្រយោជន៍ជូនដល់បងប្អូន ប្រជាពលរដ្ឋរបស់យើង ដែលនេះបានឆ្លុះបញ្ជាំងឱ្យឃើញ នូវការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាងនេះទៅទៀត លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា ក្នុងនាមមន្ត្រីសុខាភិបាលទាំងអស់ ទាំងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់នឹងខិតខំត្រងត្រាប់តាមការដឹកនាំក៏ដូចជា អនុសាសន៍ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលផងដែរ៕