(ភ្នំពេញ)៖ កម្ពុជាក្លាយជាប្រទេសមួយ នៅក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត ក្នុងពិភពលោករយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការលូតលាស់នេះ ដែលជាការបង្ហាញពីសក្ដានុពលដ៏វិសេសវិសាល សម្រាប់វិស័យអាជីវកម្មបែបឌីជីថល ជាពិសេសអាជីវកម្ម ដែលប្រតិបត្តិការ ក្នុងវិស័យហ្គេមទូរសព្ទដៃ។

ប្រព័ន្ធទូទាត់ប្រាក់លំដាប់អន្តរជាតិ Coda Payments ដែលជាកម្មវិធីទូទាត់អន្តរជាតិ សម្រាប់ហ្គេមអនឡាញ និងការបញ្ចូលទឹកប្រាក់ សម្រាប់កម្មវិធីឌីជីថលផ្សេងៗទៀត បន្តការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

បង្កើតឡើងក្នុងឆ្នាំ២០១១ Coda Payments បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយចាប់តាំងពីពេលនោះមក បានពង្រីកខ្លួនរហូតដល់២២ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ឥណ្ឌា បង់ក្លាដែស វៀតណាម ស្រីលង្កា តៃវ៉ាន់ ឡាវ សិង្ហបុរី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អេហ្ស៊ីប បារ៉ែន គុយវ៉ែត ម៉ារ៉ុក ទួរគី ប្រេស៊ីល ម៉ិកស៊ិក និងអាហ្សង់ទីន។

ការធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Coda Payments មានភាពឆាប់រហ័ស និងងាយស្រួល។ សម្រាប់អ្នកដែលមានបំណងធ្វើការបញ្ចូលទឹកប្រាក់ សម្រាប់ហ្គេមដូចជា Mobile Legends, PUBG Mobile, Rules of Survival, ឬ Free Fire អាចធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើ
ប័ណ្ណឥណទានឡើយ។

លោក Philippe Limes អគ្គនាយកនៃ Coda Payments បានលើកឡើងថា «យើងមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ចំពោះការរីកចម្រើន លូតលាស់ឥតឈប់ឈររបស់កម្មវិធី Coda Payments នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា រួមនឹងការពេញនិយមរបស់ប្រជាជនកម្ពុជា ចំពោះការលេងហ្គេមលើទូរសព្ទដៃ យើងមើលឃើញថាប្រទេសកម្ពុជា គឺជាទីផ្សារដ៏មានសក្តានុពលមួយ»

នៅក្នុងប្រទេសកម្ពុជា Codashop ទទួលយកការទូទាត់តាមរយៈសេវាបង់វិក័យប័ត្ររបស់ក្រុមហ៊ុនស្មាត (Smart) សែលកាត (Cellcard) និងកម្មវិធី e-wallet WingPay App។ Coda shop គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីបញ្ចូលទឹកប្រាក់ ដែលមានតម្លៃសមរម្យជាងគេបំផុត ផ្ដល់ជូននូវតម្លៃដែលមានលក្ខណៈ ប្រកួតប្រជែង និងមានរង្វាន់ដ៏ទាក់ទាញជូនចំពោះអតិថិជនរបស់ខ្លួនថែមទៀតផង។

លោក Limes បានបន្តថា កម្មវិធី Coda Payments គឺមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយខ្លួនជាក្រុមហ៊ុនមួយ ដើម្បីនាំឲ្យប្រទេសកម្ពុជាឆ្ពោះទៅរក យុគសម័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕