(ពោធិ៍សាត់)៖ ចោរស្ទើរភ្លើងម្នាក់ ចូលកាត់ទ្វារស័ង្កសីលួចរថយន្តបានសម្រេច ពេលបើកចេញក្រៅ ត្រូវកូនម្ចាស់ឡានស្រែកហៅប្រជាពលរដ្ឋ និងតេប្រាប់សមត្ថកិច្ច ស្ទាក់ចាប់បាន និងចាត់ការតាមនីតិវិធី។
ករណីលួចរថយន្តខាងលើ បានកើតឡើងនៅវេលាម៉ោង៥៖២០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ប៉ា សារុំ ភេទប្រុស អាយុ៥៨ឆ្នាំ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា មុខសញ្ញាចោរកម្ម មានឈ្មោះ សេង វេហា (អ៊ ចាន់យួន) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រះពន្លា ឃុំឬស្សីក្រោម ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យបានធ្វើសកម្មភាព កាត់ទ្វារស័ង្កសី ចូលលួចរថយន្ត ១គ្រឿង ម៉ាក Mazda ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ 022-0423។
សេចក្តីរាយការណ៍បន្ថែមថា បើតាមការរៀបរាប់ពីឈ្មោះ ប៉ា លឹមហុង (ភា) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គឿងសំណង់ ត្រូវជាកូនម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សេង វេហា បានធ្វើសកម្មភាពកាត់ទ្វារស័ង្កសីចូលលួចរថយន្ត និងបានបើករថយន្តចេញមកក្រៅ ភ្លាមនោះខ្លួនបានឃើញ ក៏ស្រែកហៅប្រជាពលរដ្ឋ និងទូរស័ព្ទមកសមត្តកិច្ច ស្ទាក់ព័ទ្ធចាប់បានភ្លាមៗតែម្តង។
បច្ចុប្បន្នមុខសញ្ញាឈ្មោះ សេង វេហា បានឃាត់ខ្លួននៅអធិការនគរបាលស្រុកក្រគរ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕