Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ក្រុមអតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើតគណបក្សថ្មីមួយ (Video inside)

12-12-2019 15:37

(ភ្នំពេញ)៖ ក្រុមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយឡើងវិញនោះ បានប្រកាសបង្កើតគណបក្សថ្មីមួយ ដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ។

អតីតថ្នាក់ដឹកនាំ CNRP ទាំងនោះរួមមាន លោក ជីវ កត្តា លោក ស៊ឹម សុវណ្ណនី លោក ខឺយ ស៊ីនឿន លោក កង គឹមហាក់ លោកអាន ភារ៉ា លោក សុខ នីមល លោក សៀវ បុត និង លោក ចាន់ នីនផងដែរ។

តាមសេចក្តីប្រកាសរួមស្តីពីការបង្កើតគណបក្សរបស់អតីតថ្នាក់ដឹកនាំអតីត CNRP ទាំងនេះ បានឱ្យដឹងថា «ដោយសារមើលឃើញស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន មានការធ្លាក់ចុះនូវសំឡេងដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យនោះក្នុងនាមជាអ្នកប្រជាធិបតេយ្យនិយម និងជាអ្នកដែលមានបំណងស្រោចស្រង់ស្មារតីនៃការសាមគ្គីគ្នាផ្ទៃក្នុងរបស់ក្រុមអ្នកដែលមានទស្សនៈប្រឆាំងនៅកម្ពុជា យើងខ្ញុំមានកិត្តិយសសូមប្រកាសជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានចុះជួបសកម្មជននៅតាមខេត្តជាច្រើនអស់រយៈពេលជិតមួយឆ្នាំនេះ យើងខ្ញុំនឹងត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយដែលជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ និងពីអ្នកទាំងឡាយណាដែលមានទស្សនៈមិនស្របនឹងការដឹកនាំរបស់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន»

សេចក្តីប្រកាសបានបន្តថា៖ «យើងខ្ញុំសូមអំពាវនាវឱ្យអ្នកស្នេហាជាតិទាំងអស់ចូលមករួបរួមកម្លាំងគ្នា ក្នុងបុព្វហេតុនៃការបង្កើតគណបក្សថ្មីនេះ ឱ្យក្លាយជាគណបក្សប្រឆាំងដែលរឹងមាំ ដើម្បីការពារនិងបម្រើនូវផលប្រយោជន៍ជាតិ និងផលប្រយោជន៍ពិតប្រាកដរបស់អ្នកដែលគាំទ្រយើងកន្លងមក។ គណបក្សប្រឆាំងថ្មីនេះ ជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយគណបក្សកាន់អំណាចដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនីរាប់លាននាក់ និងដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល»