(ព្រះវិហារ)៖ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុនី ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បាន ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្សអនុវិទ្យាល័យស្រយង់ ស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុប ចំនួន១២២នាក់ ស្រីចំនួន៦៥នាក់។
លោក ដួង មុនី ប្រធានកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា ការចុះផ្សព្វផ្សាយអប់រំ នៅអនុវិទ្យាល័យស្រយង់នេះ គឺផ្តោតសំខាន់ របៀបមើលថ្ងៃផុតកំណត់ និងថ្ងៃផលិតរបស់ផលិតផលផល ប៉ះពាល់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ សារធាតុហាមឃាត់ដាក់ ក្នុងម្ហូបអាហារ (Boax, Formalin, Sodium Hydrosulfite) ផលប៉ះពាល់ទំនិញ ផ្ទុកសារធាតុគីមីហាមឃាត់ខាងលើ។
លោកប្រធានសាខា បានបន្តថា ក្រោយពីបញ្ចប់ការអប់រំ ផ្សព្វផ្សាយនេះ មានសំណួរ និងចម្ងល់ជាច្រើន ដែលសិស្សានុសិស្ស បានលើកឡើង សំណួរ-ចម្លើយ ឆ្លើយឆ្លង រវាងមន្ត្រីជំនាញកាំកុងត្រូល និងសិស្សានុសិស្ស ក្នុងន័យអប់រំ និងស្វែងយល់ពីចំណេះ ជំនាញ ប្រកបដោយផ្លែផ្កា និងបរិយាកាសរីករាយ។
លោក ដួង មុនី បានបន្ថែមថា ក្នុងន័យលើកទឹកចិត្ត ការខិតខំប្រឹងប្រែង របស់លោកគ្រូ-អ្នកគ្រូ និងសិស្សឆ្នើម ប្រចាំថ្នាក់សាខាកាំកុងត្រូលខេត្តព្រះវិហារ ក៏មានវត្ថុអនុស្សាវរីយ៍កំដរដៃ ជាសំលៀកបំពាក់ ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន១៨នាក់ ក្នុងម្នាក់ៗ ទទួលបានអាវសមួយ និងខោ ឬសំពត់មួយ៕