(ភ្នំពេញ)៖ មហាវិទ្យាល័យសំណង់នៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការណ៍ជាមួយនឹងមហាវិទ្យាល័យសំណង់២ ផ្សេងទៀត ពីប្រទេសឡាវ និងថៃបានរៀបចំគម្រោងមួយដែលមានឈ្មោះថា " Asian Civil Engineering Exchange Project " ដែលឆ្នាំនេះបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយអ្នកចូលរួមជាង៧០នាក់ ពីមហាវិទ្យាល័យសំណង់នៃសាកលវិទ្យាល័យទាំងបី។
កម្មវិធីនេះផងដែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើតនូវទំនាក់ទំនង និងមិត្តភាពរវាងសាកលវិទ្យាល័យទាំងបីតាមរយៈការបង្កើតការប្រកួតប្រជែងរវាងនិស្សិតនៃសាកលវិទ្យាល័យនីមួយៗ។
និសិត្សទាំងអស់ ត្រូវចូលរួមប្រកួតវិញ្ញាសាចំនួនបី ដែលរួមមាន ការប្រគួតប្រជែងស្ពានឬស្សី ការគណនាគ្រឹះ និងចុងក្រោយគឺ ការប្រគួតប្រជែងលើការគណនាកម្លាំងរបស់បេតុង។
ដើម្បីចូលរួមចំនែកលើកកម្ពស់វិស័យអប់រំ ជាពិសេសវិស័យសំណង់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ រួមជាមួយនឹងក្រុមហ៊ុនជីប ម៉ុង អ៊ីន ស៊ី ស៊ីមេន បានចូលរួមឧបត្ថម្ភទាំងស្រុងសំរាប់កម្មវិធីទាំងមូល។
លោកឃិន ចំរើន ប្រធានគ្រប់គ្រងផលិតកម្មបេតុងនៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍បានមានប្រសាសន៏ក្នុងកម្មវិធីនោះថា “កម្មវិធីនេះគឺជាឪកាសល្អសម្រាប់សិស្សនិស្សិតទាំងអស់មកពីប្រទេសកម្ពុជាឡាវនិងថៃដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹងតាមរយៈការប្រើប្រាស់អ្វីដែលពួកគេបានរៀន ដើម្បីយកអនុវត្តជាក់ស្តែងតាមរយៈការប្រកួតប្រជែងនេះ”។
សាស្រ្តាចារ្យ លី ហាវ ដែលជាសាស្រ្តាចារ្យមហាវិទ្យាល័យសំណង់ ទទួលបន្ទុកផ្នែកសំណង់ស៊ីវិល បានលើកឡើងថា “ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យមួយនឹងរៀបចំកម្មវិធីនេះហើយអញ្ជើញសាកលវិទ្យាល័យពីរផ្សេងទៀតចូលរួមប្រកួតប្រជែង ហើយឆ្នាំនេះគឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជាអ្នករៀបចំ ហើយកម្មវិធីនេះអាចផ្តល់ជាឪកាសសម្រាប់និស្សិត និងសាស្រ្តាចារ្យអាចផ្លាស់ប្តូរបទពិសោធន៏ ទៅវិញទៅមក រួមទាំងជំរុញការលើកទឹកចិត្តដល់សិស្សនិស្សិតឲ្យកាន់តែខំប្រឹងបន្ថែមទៀត”។
លោកបានបន្ថែមទៀតថា “តំណាងឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏ដូចជាមហាវិទ្យាល័យសំណង់ស៊ីវិលទាំងមូលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និងក្រុមហ៊ុនជីប ម៉ុង អ៊ីន ស៊ី ស៊ីមេន ដែលពិតជាគាំទ្រនិងឧបត្ថម្ភក្នុងកម្មវិធីនេះ៕