(ភ្នំពេញ)៖ សប្បុរសជនមួយក្រុម ដឹកនាំដោយលោក ញ៉ែម សុទ្ធា អនុប្រធានគណៈពង្រឹងឃុំប្រធាតុ និងជាប្រធានគណៈពង្រឹងភូមិឆ្វាង និងភរិយា បានពាំនាំយកអំណោយ និងសម្ភារៈសិក្សា ទៅចែកជូនដល់លោកយាយលោកតា និងកុមារៗ ក្នុងសាលាបឋមសិក្សា ត្មាតកាង ស្ថិតនៅក្នុងភូមិឆ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយក្នុងនោះក៏មានការចូលរួម ពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសប្បុរសធម៌ និងអាជ្ញាធរភូមិ-ឃុំជាច្រើននាក់។
លោក ញ៉ែម សុទ្ធា អនុប្រធានគណៈពង្រឹងឃុំប្រធាតុ បានថ្លែងថា ជាការកត់សម្គាល់ កន្លងមកលោកតែងតែគិតគូ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានចំណាយធនធានអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនជាលំដាប់ ហើយថ្ងៃនេះលោកបានកៀគរសប្បុរសជន ដែលសរុបទាំងអស់មានចំនួន២១ ក្រុមហ៊ុន ក្នុងនោះមានសាលាអន្តរជាតិ ចុង អ៊ីង (Zhong Ying Internatoinal School), សមាជិក CEO Master Club និងក្រុមហ៊ុនជាច្រើនទៀត បាននាំយកអំណោយ មានដូចជាថវិកា អាវរងា ចែកជូនដល់លោកយាយលោកតា និងសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្ស ក្នុងសាសា ដែលកំពុងខ្វះខាត។
លោកបានបន្ថែមថា នៅពេលដែលមានបងប្អូនណាមួយ ជួបទុក្ខលំបាកថ្នាក់ដឹកនាំ តែងតែគិតគូជានិច្ច ដោយមិនបានមើលរំលងនោះឡើយ។ ជាមួយគ្នានេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានឃុំទាំងមូល ក៏កំពុងតែយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំផងដែរ ពោលគឺតាមរយៈសកម្មភាពចូលរួមនានា របស់ថ្នាក់ដឹកនាំ និងពីសំណាក់ប្រជាពលរដ្ឋ ធ្វើឲ្យភូមិ ឃុំ របស់យើង មានការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័សទៀតផង។
លោក ងួន សំអ៊ុល មេឃុំប្រធាតុ បានសម្ដែងអារម្មណ៍សប្បាយរីករាយ ដែលថ្នាក់ដឹកនាំបានគិតគូ ពីសុខទុក្ខបងប្អូនក្នុងមូលដ្ឋាន បានយ៉ាងល្អ។ ជាក់ស្ដែងថ្ងៃនេះ ក្រៅពីចុះមកសួរសុខទុក្ខហើយនោះ ក៏បានពាំនាំអំណោយ ជាថវិកា និងសម្ភារៈសិក្សា ចែកជូនដល់អ្នកខ្វះខាតបន្ថែមទៀត។ ជាពិសេស គឺអំណោយអាវរងា ខណៈដែលរដូវនេះជារដូវធ្លាក់ខ្យល់ត្រជាក់ ពិតជាល្អប្រសើរសម្រាប់លោកយាយលោកតា។ លោកថា លោកយាយលោកតា ដែលទទួលបានអាវរងា និងថវិកា នៅថ្ងៃនេះ គឺមានចំនួន១០០នាក់។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរជន ជាពិសេសថ្នាក់ដឹកនាំ ដែលបានពាំនាំអំណោយជាច្រើន មកថ្ងៃនេះ។
អ្នកស្រី ប៊ុន សារ៉ាន នាយិកាសាលាបឋមសិក្សាត្មាតកាង បានថ្លែងថា សម្រាប់សិស្សានុសិស្ស ដែលទទួលបានថវិកា នៅថ្ងៃនេះ គឺមានចំនួន៤៦០ នាក់ ស្រី២១២ នាក់ មានពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី៦។ ក្នុងនោះ គ្រូ សរុបចំនួន ១៤នាក់ ស្រី៦នាក់ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ២ម៉ឺនរៀល ពីស ប្បុរសជនផងដែរ។ អ្នកស្រីបន្តថា កន្លងមកសាលាបឋមសិក្សាត្មាតកាង ធ្លាប់ទទួលបានអំណោយពីរលើករួចមកហើយ ខណៈដែលលាសា កំពុងខ្វះខាតខ្លាំង ជាពិសេសគឺអគារការិយាល័យធ្វើការ ដោយសព្វថ្ងៃនេះ ការិយាល័យធ្វើការរបស់លោកគ្រូអ្នកគ្រូ គឺយកបន្ទប់រៀនរបស់សិស្ស ដើម្បីធ្វើការតែប៉ុណ្ណោះ។ នាយិការូបនេះ ក៏សូមអំពាវនាវដល់សប្បុរសជន ជួយកសាងការិយាល័យធ្វើការ ក្នុងសាលានេះផង។
អ្នកនាង ឃ្លី សុខហេង តំណាងសាលាអន្តរជាតិ ចុង អ៊ីង (Zhong Ying Internatoinal School) បានប្រាប់ថា ជារឿយៗសាលាអន្តរជាតិ ចុងអ៊ីង តែងតែធ្វើកម្មវិធីចែករំលែក ក្ដីស្រឡាញ់ តាមរយៈការផ្ដល់ជាសម្ភារៈសិក្សា ដល់ មណ្ឌលកុមារកំព្រា កុមារពិកា និងតាមសាលានៅទីជនបទនានាជាច្រើនមកហើយ។ សាលា ចុង អ៊ីង នឹងបន្តសកម្មភាពមនុស្សធម៌នេះ ជាបន្តទៀត ពោលគឺធ្វើឡើងដូចជាភ្លៀងរលឹម ក្នុងការងារជួយដល់សង្គម៕