(ភ្នំពេញ)៖ លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិពេញលេញ ដល់បណ្ដាសង្គមស៊ីវិលទាំងឡាយ ដោយមិនមានការរឹតបន្តឹង សិទ្ធិឡើយ ខណៈសង្គមស៊ីវិលផ្ទាល់ខ្លួន ក៏ត្រូវសហការរីករាយ ជាមួយរាជរដ្ឋាភិបាលវិញដែរ ដើម្បីធ្វើការងារមួយគ្នាដោយឈរលើអភិបាលកិច្ចល្អ ដែលនាំដល់សន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍន៍។
ការលើកឡើងបែបនេះរបស់លោក ងី ច័ន្រ្ទផល បានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ អភិបាលកិច្ចល្អ និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ ក្រោមប្រធានបទ «ការលើកកម្ពស់អភិបាលកិច្ចរបស់អង្គការសង្គមស៊ីវិល និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវវការបទដ្ឋាន និងប្រពន្ធវិញ្ញាបនបត្រ GPP ថ្មី»។
លោក ងី ច័ន្រ្ទផល បានបញ្ជាក់ថា បើសិនខាងសង្គមស៊ីវិលណាមានបញ្ហាគំរាមកំហែងពីខាងណានោះសូមរាយការណ៍មកកាន់រដ្ឋាភិបាល ដោយភាពស្មោះត្រង់ ខណៈដែលពួកគេពុំ បានរាយការណ៍មករដ្ឋាភិបាលជាមុនទេ ប៉ុន្តែបែរជារាយការណ៍ទៅបរទេស នូវបញ្ហាប្រឈមរបស់ខ្លួន។ លោកថា បើអង្គការសង្គមស៊ីវិលណានោះពុំបានប្រាប់ ឬស្នើរសុំជំនួយពីរដ្ឋាភិបាលសោះ តើឱ្យរដ្ឋាភិបាលដោះស្រាយ និងជួយដោយរបៀបណា?។
យ៉ាងណាមិញ លោករដ្ឋលេខាធិការ ក៏បានកោតសរសើរដល់បណ្ដាអង្គការមួយចំនួន ដែលធ្វើការងារបានល្អជាមួយរដ្ឋាភិបាល ហើយលោកក៏ជំរុញ ដល់អង្គការសង្គមស៊ីវិលទាំងអស់ ឱ្យមានភាពជឿជាក់លើគ្នា យិតយោងគ្នា សហការគ្នាល្អជាមួយរដ្ឋាភិបាល ដើម្បីឆ្ពោះទៅរកអភិបាលកិច្ចល្អ ប្រកបដោយភាពស្មោះត្រង់ និងការអភិវឌ្ឈន៍ជាតិឱ្យមានការរីកចម្រើន។
បើតាមលោក សឿន សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា ហៅកាត់ថា (គ.ស.ក) ឬ (CCC) បានលើកឡើងថា CCC បានតួយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងផ្ដល់នូវសេវាកម្មនានា ប្រកបដោយគុណភាព និងធ្វើការងារភាពជាដៃគូរ ជាមួយតួអង្គអភិវឌ្ឍន៍ទាំងអស់ ចំពោះកិច្ចអន្តរាគមន៍ និងការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជំរុញឱ្យមានអភិបាលកិច្ចល្អ និងការប្រតិបត្តិប្រកប ដោយវិជ្ជាជីវៈការអភិវឌ្ឍន៍ស្ថាប័ណ្ណ ការធ្វលការជាដៃគូរប្រកបទៅដោយបរិយាប័ន្ន និងការជំរុញ ឱ្យនានបរិយាកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា៕