(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា អាជ្ញាធរ និងមន្រ្តីជំនាញ នឹងតម្រូវឲ្យក្រុមហ៊ុនផ្ទះល្វែងតាតា កាយដីចេញវិញ បើសិនរកឃើញថា មានការចាក់ដីចូលដីប្រឡាយ និងដីប្រជាពលរដ្ឋនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បើតាមលោកអភិបាលខណ្ឌ បានបន្តទៀតថា ក្រោយអាជ្ញាធរ និងមន្រ្តីភូមិបាល ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរង បានចុះទៅពិនិត្យ និងវាស់វែងជាក់ស្តែងនៅកន្លែងកើតហេតុនោះ ក៏បានបង្ហាញថា ក្រុមហ៊ុនបានចាក់ដីនៅលើផ្ទៃដីរបស់ខ្លួនតាមបណ្ណកម្មសិទ្ធិ ប៉ុន្តែអាជ្ញាធរឲ្យក្រុមហ៊ុនកាយដីចេញវិញផងដែរ បើសិនក្រុមហ៊ុនបានចាក់ចូលប្រឡាយនៅកន្លែងណានោះ។
សម្រាប់ករណីនេះ និងជាពិសេសមានព័ត៌មានថា មានការចោទប្រកាន់ពីប្រជាពលរដ្ឋម្នាក់ថា ខាងក្រុមហ៊ុនរំលោភដីរបស់ខ្លួន ខាងអាជ្ញាធរ នឹងខិតខំដោះស្រាយជូនតាមការជាក់ស្តែង និងចាត់ឲ្យ មន្រ្តីជំនាញចុះវាស់វែងច្បាស់លាស់ឡើងវិញ។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុនផ្ទះល្វែងតាតា ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនក៏សុខចិត្តកាយដីចេញវិញផងដែរ បើកាលណាខាងអាជ្ញាធររកឃើញក្រុមហ៊ុនបានចាក់ដីចូលប្រឡាយ ហើយសម្រាប់ដីប្រជាពលរដ្ឋនោះខាងក្រុមហ៊ុនក៏មិនបានចាក់រំលោភចូលដូចការចោទនោះទេ ពោលចាក់តាមបណ្ណកម្មសិទ្ធិដែលខ្លួនមាន។ តែយ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុនក៏ទទួលស្គាល់ថា ពេលខ្លួនក៏មានលើសលួសខ្លះដែរចំពោះការចាក់ដីតាមព្រុំ ប៉ុន្តែនឹងមិនធ្វើឲ្យប៉ះពាល់ដីរដ្ឋ ឬដីប្រជាជននោះទេ។
ពាក់ព័ន្ធការចោទថាខាងអាជ្ញាធរ និងមន្រ្តីភូមិបាលត្រូវខាងក្រុមហ៊ុនដេញវាយមិនឲ្យចុះវាស់វែងព្រុំដីនោះ តំណាងក្រុមហ៊ុនក៏បានបដិសេធផងដែរ និងរង់ចាំស្វាគមន៍ពេលដែល មន្រ្តីចុះទៅកំណត់ព្រុំដីឡើងវិញ។
សូមបញ្ជាក់ថា ការចេញមកបញ្ជាក់របស់អាជ្ញាធរ និងតំណាងក្រុមហ៊ុននេះ បានធ្វើឡើងក្រោយពលរដ្ឋម្នាក់លោក ជឹម ផល អាយុ៥៣ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ បានប្រាប់ថា ក្រុមហ៊ុននេះ ចាប់ផ្ដើមចាក់ដីរំលោភយកដីគាត់នៅមុនថ្ងៃបុណ្យអុំទូកកន្លងទៅ ដែលពេលនោះគាត់បានទៅប្ដឹងសុំការអន្តរាគមន៍ពីសំណាក់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឲ្យជួយ ប៉ុន្តៃអាជ្ញាធរខណ្ឌអត់រវីរវល់ឃាត់សិនទេ បណ្ដោយឲ្យភាគីក្រុមហ៊ុនចាក់ដីលើដីគាត់តាមអំពើចិត្តតែម្ដង។
យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលព័ត៌មាននៃការចាក់ដីរំលោភយកប្រឡាយ និងដីរបស់ពលរដ្ឋខាងលើនេះ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ចោមចៅទី១ ដោយមានការចូលរួមពីមន្រ្តីការិយាល័យភូមិបាលខណ្ឌ ក្រោមការដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅធ្វើការវាស់វែងលើដីទំនាស់នោះហើយ៕